អបអរសាទរ ខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥
AKP កំពង់ស្ពឺ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥-- ប្រតិភូមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ បានអញ្ជើញជាបន្តបន្ទាប់ ដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យខេត្តកំពង់ស្ពឺ និងថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ប្រារព្ធឡើង ដើម្បីរម្លឹកដល់ថ្ងៃដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញ ពីអាណានិគមនិយមបារាំង (៩ វិច្ឆិកា ១៩៥៣) ស្របជាមួយនឹងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យប្រជាជនខ្មែរគ្រប់ៗរូបចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញជូនកម្ពុជា ប្រកបដោយសន្តិវិធី។


ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៥ គឺជាខួបលើកទី៧២ នៃភាពជាម្ចាស់លើជោគវាសនា និងអនាគតរបស់កម្ពុជាយើង ដែលបានបណ្តុះស្មារតីដល់យើងខ្ញុំដែលជាអ្នកបន្តវេន ជាថ្នាក់ដឹកនាំ ជាមន្ត្រីរាជការ និងជាប្រជាជនកម្ពុជាគ្រប់ៗរូប ឱ្យប្តេជ្ញាបន្តដង្ហែតាមព្រះគម្រូវីរភាព ក្នុងភារកិច្ចនៃការការពារ ថែរក្សា សុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាព និងចូលរួមបន្តអភិវឌ្ឍប្រកបដោយឆន្ទៈដ៏មោះមុត ស្របជាមួយការបន្តកិច្ចសហប្រតិបត្តិការ និងការពង្រឹងមិត្តភាពជាវិជ្ជមាន ហើយចូលរួមថែរក្សាឯករាជ្យជាតិកម្ពុជាឱ្យនៅរឹងមាំ ស្ថិតស្ថេរជានិច្ចនិរន្តរ៍តរៀងទៅ៕
ដោយ លឹម សាន្ត





