រដ្ឋបាលខេត្តកំពង់ធំប្រារព្ធខួបលើកទី៧២ឆ្នាំនៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
AKP កំពង់ធំ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រារព្ធខួបលើក៧២ ទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៥) នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឯកឧត្តមលោកជំទាវលោកលោកស្រីសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ អភិបាលក្រុង/ស្រុកទាំង៩ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។

ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលប្រារព្ធឡើងដើម្បីរម្លឹកដល់ថ្ងៃដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង(៩ វិច្ឆិកា១៩៥៣) ហើយស្របជាមួយនឹងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។


ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ទៀតថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យពិតប្រាកដនៅកម្ពុជា៕
ដោយ ស៊ុម វណ្ណា





