បទអត្ថាធិប្បាយ៖ ស្មារតីឯករាជ្យភាព! កម្ពុជាកំពុងកំណត់ទីតាំងខ្លួនឯងកាន់តែរឹងមាំនៅលើឆាកអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥--ការប្រារព្ធពិធីអបអរសាទរបុណ្យឯករាជ្យជាតិ នាថ្ងៃទី0៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មិនខុសពីការប្រារព្ធនាឆ្នាំកន្លងមកទេ ដោយព្រះមហាក្សត្រ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋបានរួមគ្នារំលឹកការបញ្ចប់ជាប្រវត្តិសាស្រ្តនូវរយៈពេលជិត ១០០ឆ្នាំ នៃរបបអាណាព្យាបាលបារាំងមកលើកម្ពុជា និងជាសក្ខីកម្មប្រវត្តិសាស្រ្តនៃការចាប់ផ្តើមដំណើរការសម្រេចចិត្តដោយខ្លួនឯងរបស់កម្ពុជា។
ជាការពិត ៧២ឆ្នាំកន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០២៥ ជោគវាសនានៃប្រទេស និងប្រជាជនកម្ពុជា ក្រោយពេលដែលទទួលបានឯករាជ្យពីប្រទេសបារាំង គឺបានឆ្លងកាត់ព្យុះភ្លៀងជាច្រើន រួមទាំងសម័យកាលរុងរឿង ឈានដល់សម័យកាលនៃសង្រ្គាមស៊ីវិល យុគសម័យដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ ការបន្តសង្រ្គាមស៊ីវិល និងការស្តារសន្តិភាព រហូតដល់យុគសម័យសន្តិភាពពេញលេញរហូតមកទល់សព្វថ្ងៃនេះ។

ថ្ងៃនេះជាខួបលើកទី៧២ នៃពេលវេលាជាប្រវត្តិសាស្ត្រនោះ។ ពិធីរំលឹកនេះចាប់ផ្តើមមានភាពរស់រវើកឡើងវិញ មិនត្រឹមតែជាការរំលឹកអំពីការដណ្តើមបាននូវឥស្សរភាព និងឯករាជ្យភាពប៉ុណ្ណោះទេ ប៉ុន្តែជាពេលវេលាដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពវិវត្តន៍របស់ប្រទេសកម្ពុជានៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរជាច្រើននាពេលបច្ចុប្បន្នផងដែរ។
នៅឆ្នាំ១៩៥៣ ក្រោមការដឹកនាំរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរជាតិ ប្រទេសកម្ពុជាបានផ្លាស់ប្តូរឋានៈពីប្រជាជាតិដែលស្ថិតក្រោមអាណាព្យាបាលរបស់ប្រទេសបារាំង ទៅជាប្រទេសដែលមានដែនអធិបតេយ្យភាពពេញលេញ។ សមិទ្ធផលជាប្រវត្តិសាស្រ្តនេះ ជាសក្ខីកម្ម និងជាចំណុចផ្តើមដែលជាមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណកម្ពុជាសម័យទំនើប។ នេះគឺជាការចាប់ផ្តើម បង្ហាញពីមោទនភាពជាតិ និងអរិយធម៌របស់ប្រជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិពេញទីក្នុងការកំណត់អនាគតផ្ទាល់ខ្លួន។

មកដល់ពេលនេះ បើយើងងាកក្រោយទៅរកអតីតកាល គឺពេលវេលាបានដើរទៅមុខយ៉ាងលឿនបំផុត រហូតដល់កូនខ្មែរអ្នកជំនាន់ក្រោយខ្លះភ្លេចខ្លួន ភ្លេចប្រវត្តិសាស្រ្ត និងភ្លេចការឈឺចាប់ដែលបានឆ្លងកាត់កន្លងមក ហើយចេះតែអន្ទង និងរុញស្ថានការណ៍ឱ្យទៅរកស្នាមដាននៃវិបត្តិចាស់ៗ។ ក្រៅពីរំលឹករឿងប្រវត្តិសាស្រ្តត្រួសៗហើយនោះ យើងក៏គួរមើលទៅមុខផងដែរ។ ធ្មេចបើកៗ កម្ពុជាមិនត្រឹមតែប្រារព្ធពិធីបុណ្យឯករាជ្យរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកំណត់ទីតាំងខ្លួនឯងកាន់តែរឹងមាំនៅលើឆាកអន្តរជាតិផងដែរ ជាពិសេសការប្រកាសធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ (XXe Sommet de la Francophonie) ដែលនឹងត្រូវធ្វើឡើងនៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៦។
ព្រឹត្តិការណ៍នោះ គឺជានិមិត្តរូបនៃការវិវត្តប្រកបដោយភាពវិជ្ជមានរបស់កម្ពុជា ហើយទំនាក់ទំនងរវាងបុណ្យឯករាជ្យជាតិ និងកិច្ចប្រជុំកំពូល Francophonie នាពេលខាងមុខនេះ ក៏ឆ្លុះបញ្ចាំងពីសក្ខីកម្មពិតប្រាកដនៃស្មារតីឯករាជ្យភាព និងសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការរៀបចំផែនការអភិវឌ្ឍន៍ប្រទេសនាសម័យបច្ចុប្បន្ន។
ស្មារតីឯករាជ្យភាពឆ្នាំ១៩៥៣ ជាសក្ខីកម្មនៃដែនអធិបតេយ្យភាពរបស់កម្ពុជា ប៉ុន្តែវាក៏មានន័យថាការរុករកពិភពលោកនៃភាពជាដៃគូផងដែរ។ មកដល់ពេលនេះ កម្ពុជាតូច មានសេដ្ឋកិច្ចមិនធំ ប្រជាជនតិច ប៉ុន្តែកម្ពុជា នៅតែជាតួអង្គសំខាន់មួយដែលសកម្មនៅលើពិភពលោក ហើយសូម្បីតែបារាំងក៏ទទួលស្គាល់សមិទ្ធផលនយោបាយ និងការទូតដែលកម្ពុជាសម្រេចបានចូលនៅក្នុងយុគសម័យថ្មីនៃការកសាងជាតិនាពេលបច្ចុប្បន្នដែរ។

រីឯការសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី បានគូសបញ្ជាក់ពីរបៀបដែលប្រទេសកម្ពុជាមើលឃើញទំនាក់ទំនងក្រោយអាណានិគមរបស់ខ្លួនជាមួយនឹងប្រទេសដែលជាបងប្អូន ដែលធ្លាប់និយាយ និងប្រើប្រាស់ភាសាបារាំង។ កិច្ចប្រជុំកំពូលនេះនឹងប្រមូលផ្តុំរដ្ឋសមាជិកជិត៩០ និងអ្នកសង្កេតការណ៍នៃអង្គការអន្តរជាតិសម្រាប់ក្រុមប្រទេសប្រើប្រាស់ភាសាបារាំង នៅសៀមរាប នៅឆ្នាំក្រោយ។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត នយោបាយ ការទូត សេដ្ឋកិច្ច និងវប្បធម៌ដ៏ធំសម្បើមលើពិភពលោក។
សក្ខីកម្មទាំងនេះ បង្ហាញថាប្រទេសកម្ពុជាលែងគ្រាន់តែជាអតីតប្រទេសក្រោមអាណាព្យាបាលរបស់បរទេសហើយ តែជាប្រទេសឯករាជ្យ ម្ចាស់ការលើជោគវាសនារបស់ខ្លួន។
សរុបទៅ ទិវាឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៥ ជាព្រឹត្តិការណ៍បង្ហាញពីស្មារតីឯករាជ្យភាពរបស់កម្ពុជា រីឯកិច្ចប្រជុំកំពូលនៅសៀមរាបនឹងផ្តល់នូវឱកាសពិសេសមួយដើម្បីបង្ហាញពីបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងមហិច្ឆតាក្នុងការលើកកម្ពស់ឧត្តមភាពជាតិរបស់ខ្លួន។ ទិវាឯករាជ្យនេះមិនមែនគ្រាន់តែជាពេលវេលានៃការងាកមើលទៅក្រោយនោះទេ ប៉ុន្តែជាពេលវេលានៃការទន្ទឹងរង់ចាំ ឆ្ពោះទៅរកភាពជាអ្នកដឹកនាំក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ទូលំទូលាយ។ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាការអំពាវនាវមិនត្រឹមតែដើម្បីចងចាំពីឯករាជ្យភាពប៉ុណ្ណោះទេ ប៉ុន្តែព្រឹតិ្តការណ៍នេះជាសក្ខីកម្មដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ឯករាជ្យភាពនោះឱ្យបានល្អ តាមទស្សនវិស័យឆ្ពោះទៅមុខ ត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិធំៗ និងឈរជាសមភាពនៅក្នុងសហគមន៍ពិភពលោក៕
AKP





