ប្រមុខក្រសួងមហាផ្ទៃអបអរសាទរខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥-- ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអបអរសាទរខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដោយបានគូសបញ្ជាក់ថា ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយមួយរូប សូមចងចាំ និងដឹងគុណជានិច្ចចំពោះស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមក្នុងការទាមទារឯករាជ្យពីប្រទេសបារាំងនៃព្រះបរមរតនកោដ្ឋ និងសូមប្តេជ្ញាចូលរួមថែរក្សាការពារឯករាជ្យជាតិឱ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ។
ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា បានលើកឡើងថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧២ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) ទិវាបុណ្យឯករាជ្យជាតិ ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងពីអាណានិគមនិយមបារាំង ដែលបានដាក់នឹមអាណានិគមមកលើកម្ពុជាអស់រយៈពេល ៩០ឆ្នាំ (១៨៦៣ - ១៩៥៣)។ ឯករាជ្យជាតិ ដែលជាមហាប្រវត្តិសាស្ត្រនេះ សម្រេចបានក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ឈ្លាសវៃ និងខ្ញៀវខ្ញាររបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាបង្រួបបង្រួមជាតិ “ព្រះបរមរតនកោដ្ឋ” នៃយើង។
ដើម្បីជាការចងចាំនូវព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តម នៃការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង វិមានឯករាជ្យត្រូវបានកសាង និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៥៨ ក្នុងរាជព្រះបាទ នរោត្តម សុរាម្រិត ដែលជាព្រះវររាជបិតារបស់សម្តេចព្រះ នរោត្តម សីហនុ។ វិមានឯករាជ្យជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ។
កម្ពុជា តែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះដោយមានរៀបចំពិធីប្រទានភ្លើងទៀនជ័យរយៈពេល ៣ថ្ងៃនៅវិមានឯករាជ្យ ដើម្បីរម្លឹកដល់គុណអ្នកស្នេហាជាតិដែលបានពលីជីវិត ដើម្បីទាមទារឯករាជ្យពីពួកអាណានិគមបារាំង៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





