ប្រាសាទបក្សីចាំក្រុងប្រឈមនឹងហានិភ័យខ្ពស់អាជ្ញាធរជាតិអប្សរាទល់ទ្រ និងអភិរក្សសង្រ្គោះបន្ទាន់
AKP សៀមរាប ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥-- អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ប្រាសាទបក្សីចាំក្រុងដែលសាងសង់ឡើងអំពីឥដ្ឋ ហើយដែលមានអាយុកាលជាង១០០០ឆ្នាំមកហើយនេះ មានសភាពទ្រុឌទ្រោមខ្លាំង ដែលតម្រូវឱ្យមានការជួសជុលទល់ទ្រសង្គ្រោះជាបន្ទាន់។


លោក ពុទ្ធ សុទ្ធ ប្រធានគម្រោងអភិរក្សប្រាសាទបក្សីចាំក្រុង បានឱ្យដឹងថា កន្លែងហានិភ័យខ្លាំងនៅក្នុងប្រាសាទនេះ គឺនៅផ្នែកដំបូល និងផ្នែកខ្លះនៃជញ្ជាំង។ ប្រាសាទនេះមានខឿនថ្មបាយក្រៀម៤ថ្នាក់ និងមានកម្ពស់សរុប២៩,២០ម៉ែត្រ។ ការទល់ទ្រ និងអភិរក្សសង្រ្គោះបន្ទាន់នេះធ្វើឡើងបន្ទាប់ពីផ្នែកដំបូលនៃប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំង។ ហើយបន្ទាប់ពីមានការត្រួតពិនិត្យត្រឹមត្រូវ និងហ្មត់ចត់ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានសម្រេចជាគោលការណ៍ ឱ្យមានក្រុមការងារទល់ទ្រអភិរក្សជាបន្ទាន់។


លោក ពុទ្ធ សុទ្ធ បានឱ្យដឹងទៀតថា ដោយសារជាប្រាសាទខ្ពស់ ដូច្នេះគេត្រូវប្រើកម្លាំងពលករច្រើន ដើម្បីជញ្ជូនសម្ភារផ្សេងៗឡើងលើប្រាសាទ ហើយត្រូវសង់រន្ទាដើម្បីរៀបចំទល់ទ្រ ទប់លំនឹងកំពូលប្រាសាទនេះ។ ហើយមន្រ្តីប្រធានគម្រោងរូបនេះបានបញ្ជាក់ថា វាជាការសម្រេចចិត្តដ៏ល្អបំផុតនិងទាន់ពេលវេលា ដើម្បីបង្ការហានិភ័យខ្ពស់ជាងនេះ ហើយតម្រូវឱ្យមានផែនការជួសជុលសម្រាប់ថ្ងៃអនាគតផងដែរ៕
ដោយ ហង្ស សៀក





