អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង ស្ថាប័ន រាជធានី ខេត្ត ផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និងApp NoDrug ជូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
AKP ភ្នំពេញ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ --ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា សកម្មភាពផ្សព្វផ្សាយពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនត្រូវបានចូលរួមអនុវត្តន៍ដោយក្រសួង ស្ថាប័ន រាជធានី ខេត្ត វិស័យឯកជន នៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និកម្មវិធីកម្សាន្ដសប្បាយផ្សេងៗ ដែលបានរៀបចំដោយរាជធានី ខេត្ត ។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបជូនថា ក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្របសម្រួលទៅក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលជាសមាជិកដាក់តាំងនូវបដា ពាក្យស្លោកប្រឆាំងគ្រឿងញៀន តាមដងវិថីទៅកាន់រមណីយដ្ឋាននានា ដងវិថីចេញ- ចូល ឆ្លងកាត់រាជធានី ខេត្ត ពិធីករ ពិធីការនី វិទ្យុ ទូរទស្សន៍ បណ្តាញផ្សព្វផ្សាយព័ត៌មាន អ្នកអត្ថាធិប្បាយក្នុងពិធីនានា ដើម្បីជួយផ្ញើសារប្រឆាំងគ្រឿងញៀន និង App NoDrug ផ្ញើសារតាមទូរសព្ទទៅកាន់ប្រជាពលរដ្ឋ អ្នកទស្សនា ប្រិយមិត្តរបស់ខ្លួន។ ឯកឧត្ដម ឧត្តមសេនីយ៍ឯកបានលើកឡើងថា ការផ្សព្វផ្សាយ និងផ្ញើសារនេះគឺដើម្បីជាការដាស់តឿន ក្រើនរម្លឹក ឱ្យចេះការពារខ្លួន និងបណ្តុះមនសិកាចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយការចូលរួមនូវសកម្មភាពនេះគឺពិតជាបានទទួលនូវកុសលច្រើនណាស់ ព្រោះបានជួយដល់កូនចៅយើងឱ្យមានអនាគតល្អ សហគមន៍មានសុវត្ថិភាពរីកចម្រើនទាំងអស់គ្នា។


ជាមួយគ្នានេះដែរ ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវការថ្លែងអំណរគុណ និងកោតសរសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំពោះការចូលរួមទាំងក្រសួង ស្ថាប័នក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត និងវិស័យឯកជនដែលបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន៕
ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





