រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីបួងសួងសុំសេចក្តីសុខសម្រាប់ពិធីបណ្តែតប្រទីប និងបង្ហោះគោម រយៈពេល៣ថ្ងៃនៅខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខនៅអាស្រមលោកតាឥ និងលោកតាក្រហមកសុំសេចក្ដីសុខសម្រាប់ការរៀបចំពិធីបណ្តែតប្រទីបនិងបង្ហោះគោម រយៈពេល៣ថ្ងៃនៅខេត្តកំពង់ធំក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។


ពិធីបណ្តែតប្រទីប និងបង្ហោះគោមប្រារព្ធធ្វើឡើងនៅតាមបណ្តោយដងស្ទឹងសែន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលបំណងក្នុងការរំលឹក និងថែរក្សាប្រពៃណីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលឆ្នាំនេះខេត្តកំពង់ធំមិនបានប្រារព្ធពិធីធំដូចឆ្នាំមុនៗឡើយ។ ក្រៅពីនេះក៏មានការបួងសួងសុំសេចក្តីសុខ សូមឱ្យមានសន្តិភាពនិងជ័យជំនះជូនដល់បងប្អូនវីរជនកងទ័ពជួរមុខផងដែរ។


អាជ្ញាធរខេត្តកំពង់ធំបានខិតខំតុបតែងលម្អស្ពាន សួនច្បារ និងតាមដងស្ទឹងសែនដើម្បីបង្កើនសោភណភាពក្រុងស្ទឹងសែន ឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញ។ ការរៀបចំនេះក្នុងគោលបំណងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកំពង់ធំក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុក៕
ដោយ ស៊ុម វណ្ណា





