ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅខេត្តសៀមរាបយ៉ាងច្រើនកុះករ បានមកដើរកម្សាន្ត និងជិះទូកលេងនៅដងស្ទឹងសៀមរាប
AKP សៀមរាប ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ --លោក ខុម ក្រឹម អនុប្រធានលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅថ្នាក់ជាតិ និងនៅខេត្តសៀមរាប ពុំបានរៀបចំព្រះរាជពិធីបុណ្យអុំទូក និងកម្មវិធីអុំទូកទេ ប៉ុន្តែដើម្បីបង្កឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានជួបជុំគ្នាសប្បាយរីករាយ ដោយរដ្ឋបាលខេត្តសៀមរាប និងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំឱ្យមានកម្មវិធី មួយចំនួន រួមមាន៖ កម្មវិធីជិះទូកកម្សាន្ត កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ កម្មវិធីប្រគុំតន្ត្រីស្គរដៃ កម្មវិធីស្តង់ពិព័រណ៍ កម្មវិធីប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប។


លោកបន្តថា សម្រាប់ថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំ បុកនេះ ឃើញថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមកកម្សាន្ត នៅខេត្តសៀមរាបយ៉ាងច្រើកុះករ ក្នុងនោះនៅតាមដងស្ទឹងសៀមរាប ក៏ឃើញមកដើរកម្សាន្ត និងជិះទូកលេងនៅដងស្ទឹងសៀមរាបផងដែរ។ លោកបន្តថា ការរៀបចំបង្កើតឱ្យមានកម្មវិធីទាំងនេះឡើង គឺប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបទទួលបានផលប្រយោជន៍ច្រើន ជាការលើកស្ទួយសេដ្ឋកិច្ចក្នុងខេត្តរបស់យើង។ លោករំពឹងថា នៅរយៈពេល២ថ្ងៃទៀតភ្ញៀវទេសចរ និងមកកម្សាន្តនៅ ខេត្តសៀមរាបកាន់តែច្រើន។


ជាមួយគ្នានេះ អ្នកស្រី គង់ ធាវី ជាប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ បានលើកឡើងថា មូលហេតុដែលអ្នកស្រីនិងក្រុមគ្រួសារជ្រើសរើសខេត្តសៀមរាប សម្រាប់ដើរកម្សាន្ត នៅក្នុងថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកនេះ ដោយឃើញថា នៅខេត្តសៀមរាប មានតំបន់កម្សាន្តច្រើន ទាំងតំបន់រមណីយដ្ឋានបេតិកភណ្ឌ តំបន់ប្រវត្តិសាស្រ្ត និងតំបន់ទេសចរណ៍ធម្មជាតិ ជាពិសេសរដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក៏បានរៀបចំកម្មវិធីសប្បាយៗជាច្រើនបន្ថែមទៀត តាមបណ្តោយដងស្ទឹងសៀមរាប កាន់តែមានភាពសប្បាយរីករាយបន្ថែមទៀត៕
ដោយ៖ ឃុត សៅ





