ថ្នាក់ដឹកនាំខេត្តកំពង់ធំអញ្ជើញចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនខេត្តកំពង់ធំឆ្នាំ២០២៥
AKP កំពង់ធំ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥--
ការិយាល័យយុវជននៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនខេត្តកំពង់ធំ រដូវកាលទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ"ការអប់រំសីលធម៌ និងចរិយាធម៌ដល់យុវជន តាមរយៈព្រះពុទ្ធសាសនា ជាយន្តការគន្លឹះធ្វើឱ្យសង្គមពោរពេញដោយសុខសន្តិភាព"ដែលជាជំនួបរវាងក្រុមស្រប វិទ្យាល័យជាស៊ីមកំពង់ថ្ម និងវិទ្យាល័យស្ទឹងសែន ជាក្រុមបដិសេធ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក ហាន កុសល អភិបាលរងខេត្ត លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ លោក ជឹម ឈឿន អនុប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ស្រូយ សុជាតិ អគ្គនាយិកានៃអគ្គនាយកដ្ឋានយុវជន លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីលោកអភិបាលក្រុង/ស្រុក មន្ត្រីនៃការិយាល័យជំនាញ យុវជនស្ម័គ្រចិត្ត គ្រូបង្វឹក គ្រូដឹកនាំ និងបេក្ខជនប្រមាណជាង៣៥០នាក់ និងមានមានការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធីជជែកដេញដោលយុវជនខេត្តកំពង់ធំផងដែរ។ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះបានប្រព្រឹត្តទៅរយៈពេលមួយព្រឹកនិងបានរកឃើញក្រុមជើងឯកប្រចាំឆ្នាំ នឹងដែលត្រូវតំណាងឱ្យខេត្តកំពង់ធំ ទៅប្រកួតក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦នាពេលខាងមុខនេះ។

លោក សាន វុឌ្ឍី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានបញ្ជាក់ថាកម្មវីធីជជែកដេញដោលយុវជនមានគោលបំណងបណ្តុះបណ្តាលយុវជនខេត្តកំពង់ធំឱ្យក្លាយជាពលរដ្ឋសកល តាមរយៈការប្រើប្រាស់វប្បធម៌ក្នុងការនិយាយ ការងារស្ម័គ្រចិត្ត ការដោះស្រាយបញ្ហា។ បណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោល។ បណ្តុះសមត្ថភាពយុវជនក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលពួកគេជួបប្រទះតាមរយៈការសន្ទនា។ កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម។ ពង្រឹងជំនាញនៃការត្រិះរិះពិចារណាការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិតការទាក់ទាញការគាំទ្រ ជំនាញក្នុងការនិយាយសាធារណៈជាដើម។ ផ្ដល់ឱកាសឱ្យយុវជន ពិចារណា បញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងការជជែកដេញដោលក្នុងសមរភូមិ គំនិតនៃសង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា។ បង្កើនបណ្តាញទំនាក់ទំនងភាពស្និតស្នាលរវាងយុវជន និងយុវជន ដើម្បីផ្លាស់ប្ដូរបទពិសោធគ្នាក្នុងតម្លៃជាមិត្តភាព។ពង្រីកធនធានយុវជន ដើម្បីអាចអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សសម្រាប់ ជាតិកម្ពុជា។ យុវជន និងយុវនារីសម័យឌីជីថល នឹងបង្កើតបាននូវទំនាក់ទំនងល្អក្នុងសង្គម មានសាមគ្គីភាព និងអាចប្រកួតប្រជែងជាមួយយុវជន យុវនារីក្នុងតំបន់ និងសកលលោកក្នុងពេលអនាគត។
ការប្រកួតវគ្គផ្តាច់ព្រ័ត្របានចាប់ផ្តើមដំណើរការ លើប្រធានបទ "ការអប់រំសីលធម៌ និងចរិយាធម៌ដល់យុវជន តាមរយៈព្រះពុទ្ធសាសនាជាយន្តការគន្លឹះធ្វើឱ្យសង្គមពោរពេញដោយសុខសន្តិភាព"ដែលជាជំនួបរវាងក្រុមស្រប វិទ្យាល័យជាស៊ីមកំពង់ថ្មនិង វិទ្យាល័យស្ទឹងសែនជាក្រុមបដិសេធបានប្រព្រឹត្តទៅដោយមានភាពជោគជ័យនិងយុត្តិធម៌ក្រោមការចូលរួមសហការជាគណកម្មការដាក់ពិន្ទុពីសំណាក ព្រះសង្ឃ ជាតំណាងស្ថាប័នពុទ្ធចក្រ តំណាងមន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងជាពិសេសគណកម្មការជំនាញស្តីពីការនិយាយជាសាធារណៈមកពីកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិផងដែរ។

លោក ជឹម ឈឿន អនុប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារបានលើកឡើងពីសាវតា នៃកម្មវិធីជជែកដេញដោលយុវជន ថ្នាក់ជាតិ និងការផ្តួចផ្តើមរៀបចំឡើងនូវកម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត។ លោកអនុប្រធាននាយកដ្ឋានបានកោតសសើរដល់ក្រុមការងារ និងយុវជនស្ម័គ្រដែលបានរៀបចំកម្មវិធីរដូវកាលទី២នេះ បានយ៉ាងល្អប្រសើរ រួមជាមួយសមត្ថភាពរបស់ប្អូនៗដែលមានការរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានបង្ហាញពីសារៈសំខាន់នៃការសិក្សា និងការងារស្ម័គ្រចិត្ត ដោយបានលើកយកពីបទពិសោធន៍ផ្ទាល់ដល់យុវជនប្រកបដោយភាពស្និទ្ធស្នាលផ្សារភ្ជាប់ជាមួយការអប់រំឱ្យយុវជនមានសីលធម៌ សុជីវធម៌និងរស់នៅជាពលរដ្ឋដ៏មានតម្លៃក្នុងសង្គមនិងឱ្យយុវជនចេះគិតពិចារណា ថ្លឹងថ្លែងរកខុសត្រូវ មុនពេលផ្សព្វផ្សាយព័ត៌មាន ស្របពេលដែលបច្ចុប្បន្ន យុវជនភាគច្រើនជាអ្នកប្រើប្រាស់បណ្តាញសង្គម។ ឯកឧត្តមក៏បានបង្ហាញដល់យុវជនឱ្យបានស្គាល់ពីសារសំខាន់នៃសុខសន្តិភាពដែលកម្ពុជារកបានមកដោយកម្រ និងស្ថានភាពថ្មីៗនេះនៃការឈ្លានពានចូលមកទឹកដីខ្មែរពីភាគីថៃ។ ឯកឧត្តមក៏បានលើកឡើងពីយុទ្ធសាស្ត្រ “ស្ងាត់ តែមិនស្ងៀម” របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបាននាំមកនូវសមិទ្ធិផលដ៏ល្អប្រសើរជូនដល់ប្រជាជន និងប្រជាជាតិកម្ពុជា។
សូមបញ្ជាក់ថាជាលទ្ធផលក្រុមដែលមានសមត្ថភាពក្លាយជាម្ចាស់ជ័យលាភីសម្រាប់រដូវកាលទី២នេះក៏បានរកឃើញដោយ ជ័យលាភីលេខ៣ស្ទួន បានទៅលើវិទ្យាល័យហ៊ុនសែនស្រះបន្ទាយ និងវិទ្យាល័យតាំងក្រសាំង រីឯជើងឯករងបានទៅលើវិទ្យាល័យជាស៊ីមកំពង់ថ្ម មកពីស្រុកបារាយណ៍និងម្ចាស់ពានរង្វាន់បានទៅលើ វិទ្យាល័យស្ទឹងសែនក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕
ដោយ ស៊ុម វណ្ណា





