កូរ៉េខាងជើង និងរុស្ស៊ី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសកូរ៉េខាងជើងនិងរុស្ស៊ី បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចរួមគ្នាមួយនៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការអនុវត្តលើផែនការសហប្រតិបត្តិការទ្វេភាគី។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោក យ៉ុន ជុងហូ (Yun Jong-ho) រដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ចខាងក្រៅរបស់ប្រទេសកូរ៉េខាងជើង និងលោក អាឡិចសាន់ដឺ កូហ្សឡូវ (Alexander Kozlov) រដ្ឋមន្ត្រីធនធានធម្មជាតិរបស់ប្រទេសរុស្ស៊ី បានរៀបចំកិច្ចប្រជុំនៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានពង្រីកការផ្លាស់ប្តូរចាប់តាំងពីពួកគេបានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយកាលពីខែមិថុនា ឆ្នាំមុន។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son-hui) បានវិលត្រឡប់មកកាន់ទីក្រុងព្យុងយ៉ាងវិញកាលពីថ្ងៃសុក្រ បន្ទាប់ពីបានទៅទស្សនកិច្ចប្រទេសរុស្ស៊ី និងបេឡារុស្ស។ នេះបើយោងតាមការចុះផ្សាយដាច់ដោយឡែកមួយ។
លោកស្រី ចូ បានចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន (Vladimir Putin) នៅទីក្រុងមូស្គូ និងបានចូលរួមសន្និសីទអន្តរជាតិមីនស៍ (Minsk) លើកទី៣ ស្តីពីសន្តិសុខអឺរ៉ាស៊ីនៅទីក្រុងមីនស៍៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





