លោក លី និងនាយករដ្ឋមន្ត្រីសិង្ហបុរី ព្រមព្រៀងគ្នាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យុង (Lee Jae Myung) និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វង់ (Lawrence Wong) បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសរបស់ពួកគេ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងវិស័យការពារជាតិ និងពាណិជ្ជកម្មផងដែរ។
មេដឹកនាំទាំងពីរបានប្រកាសពីការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នានៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បន្ទាប់ពីកិច្ចពិភាក្សាកំពូលរបស់ពួកគេ ដែលបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោក វង់ ទៅកាន់ប្រទេសកូរ៉េខាងត្បូង។
លោក លី បានមានប្រសាសន៍ថា «ប្រទេសយើងទាំងពីរមានភាពស្រដៀងគ្នាជាច្រើន ដោយយើងទាំងពីរសម្រេចបានកំណើនគួរឱ្យកត់សម្គាល់ដោយផ្អែកលើធនធានមនុស្ស និងសណ្តាប់ធ្នាប់ពាណិជ្ជកម្មសេរីដោយបើកចំហ ទោះបីជាមានដីធ្លីត្រូវបានកំណត់ ធនធានកម្រ និងបរិយាកាសភូមិសាស្ត្រនយោបាយដ៏លំបាកក៏ដោយ»។
ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដំបូងរបស់ពួកគេលើការនាំចេញសាច់គោ និងសាច់ជ្រូកពីកោះជេជូទៅកាន់ប្រទេសសិង្ហបុរី និងបានព្រមព្រៀងគ្នាបន្ថែមទៀតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាទំនើប ការផ្លាស់ប្តូរប្រជាជន និងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។
លោក វង់ បានកត់សម្គាល់ពីសក្តានុពលដ៏សំខាន់សម្រាប់កិច្ចសហការក្នុងវិស័យឧស្សាហកម្មបៃតង ឧស្សាហកម្មឌីជីថល សន្តិសុខ និងការពារជាតិហើយបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងត្បូងក្នុងការលើកកម្ពស់សន្តិភាពនៅលើឧបទ្វីបកូរ៉េ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការឌីជីថល ភស្តុភារកម្ម និងការដឹកជញ្ជូន វប្បធម៌ និងកីឡាផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





