មេដឹកនាំធុរកិច្ចចិន និងអារ៉ាប៊ីសាអូឌីត សម្លឹងមើលកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធកាន់តែស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ថ្នាក់ដឹកនាំធុរកិច្ចចិន និងអារ៉ាប៊ីសាអូឌីត បានសម្តែងទំនុកចិត្តយ៉ាងខ្លាំងចំពោះទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបច្ចេកវិទ្យាឌីជីថលបានពន្លឿនការបណ្តាក់ទុនរួមគ្នានៅទូទាំងវិស័យនានា ចាប់ពីវិស័យភស្តុភារកម្មរហូតដល់វិស័យថាមពលប្រកបដោយចីរភាព។
លោក វីនស្តុន ចេង (Winston Cheng) អនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Lenovo Group បានមានប្រសាសន៍ក្នុងអំឡុងពេលនៃគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគត (FII) លើកទី៩ដែលទើបតែប្រារព្ធឡើងថ្មីៗនេះនៅទីក្រុងរីយ៉ាដថា ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ទូលំទូលាយ និងមានសមត្ថភាពគ្រប់គ្រងទ្រង់ទ្រាយធំរបស់ប្រទេសចិនបានផ្តល់ឱ្យក្រុមហ៊ុនចិននូវអត្ថប្រយោជន៍ស្នូលមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីលើបញ្ញាសិប្បនិម្មិតសកល។
ដោយលើកឡើងស្តីពីការអនុវត្ត លោក វ៉ាង ហេ (Wang He)ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាចិន Galaxy Universal បានចង្អុលបង្ហាញពី«ដំណាក់កាលចាប់ផ្តើមយ៉ាងឆាប់រហ័ស» នៃភាពវៃឆ្លាតដែលបានបង្កប់ហើយបានកំណត់អត្តសញ្ញាណលើវិស័យសេវាកម្ម និងវប្បធម៌-ទេសចរណ៍នៅតំបន់មជ្ឈិមបូព៌ាថាជា «សេណារីយ៉ូមួយដែលមានតម្លៃខ្ពស់» សម្រាប់បច្ចេកវិទ្យាបែបនេះ។
លោក សាឡេហ៍ អាល់ ខាប់ទី (Saleh Al-Khabti) ប្រធានក្រុមហ៊ុនថាមពលយក្សអារ៉ាប៊ីសាអូឌីត ACWA Power ប្រចាំប្រទេសចិន បានពន្យល់អំពី FII ថាជា «វេទិកាសំខាន់មួយសម្រាប់លើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងអារ៉ាប៊ីសាអូឌីត» ដែលផ្តល់នូវឱកាសសម្រាប់អាជីវកម្មសកលយ៉ាងទូលំទូលាយសម្រាប់ការចូលរួម។
លោក រីឆាដ អាតតាស (Richard Attias) ប្រធានគណៈកម្មាធិការប្រតិបត្តិនៃវិទ្យាស្ថាន FII បានកត់សម្គាល់ពីការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងរបស់ប្រទេសចិនចំពោះតំបន់មជ្ឈិមបូព៌ាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងតួនាទីសំខាន់របស់ខ្លួនក្នុងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងតំបន់។
លោកបានមានប្រសាសន៍ថា «ខ្ញុំស្គាល់យ៉ាងច្បាស់ពីទេពកោសល្យរបស់ប្រជាជនចិន។ ខ្ញុំជឿថាពួកគេនឹងបន្តពង្រីកឥទ្ធិពលរបស់ពួកគេនៅក្នុងតំបន់ដ៏រស់រវើកមួយនេះ»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





