រដ្ឋមន្ត្រីការពារជាតិចិនជួបជាមួយសមភាគីសហរដ្ឋអាមេរិក នៅប្រទេសម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក ដុង ជុន (Dong Jun) បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ភីត ហេកសេត (Pete Hegseth) នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានបូកលើកទី១២ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
លោក ដុង បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើកិច្ចប្រជុំដោយជោគជ័យមួយនៅប្រទេសកូរ៉េខាងត្បូងដែលបានផ្តល់ការណែនាំជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាលំដាប់នៃដំណាក់កាលបន្ទាប់នៃទំនាក់ទំនងចិន-សហរដ្ឋអាមេរិក។
លោកបានកត់សម្គាល់ថា ក្រសួងការពារជាតិនៃប្រទេសទាំងពីរគួរតែចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តន៍ការឯកភាពគ្នាដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ និងធ្វើការឆ្ពោះទៅរកការកសាងទំនាក់ទំនងយោធានិងយោធា ដោយផ្អែកលើសមភាព និងការគោរព ការរួមរស់ដោយសន្តិភាពនិងការអភិវឌ្ឍប្រកបដោយស្ថិរភាព និងវិជ្ជមាន។
លោកក៏បានសម្តែងក្តីសង្ឃឹមផងដែរថា ភាគីសហរដ្ឋអាមេរិកនឹងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការមិនស្វែងរកការទប់ស្កាត់ប្រទេសចិន និងបន្តជម្លោះ ប្រកាន់ជំហរច្បាស់លាស់ប្រឆាំងនឹង «ឯករាជ្យភាពរបស់តៃវ៉ាន់» និងធ្វើការជាមួយប្រទេសចិន ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





