ចិន និងរុស្ស៊ី សន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រីចិន លោកឌីង ស៊ូស៊ាំង (Ding Xuexiang) បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការសហប្រតិបត្តិការវិនិយោគចិន-រុស្ស៊ី ជាមួយលោក ដេនីស ម៉ាន់ទូរ៉ូវ (Denis Manturov) ឧបនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសរុស្ស៊ី នៅទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍ ហើយភាគីទាំងពីរបានសន្យាថានឹងបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ។
លោក ឌីង ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បាននិយាយថាប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគជាបន្តបន្ទាប់ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ពង្រឹងអត្ថន័យនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-រុស្ស៊ី សម្រាប់យុគសម័យថ្មីនិងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។
លោកបាននិយាយជាវិជ្ជមានអំពីវឌ្ឍនភាព និងសមិទ្ធផលក្នុងកិច្ចសហប្រតិបត្តិការវិនិយោគចិន-រុស្ស៊ី ក្នុងរយៈពេលមួយឆ្នាំកន្លងមក ហើយបានដាក់ចេញនូវសំណើបួនចំណុចដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោក ម៉ាន់ទូរ៉ូវ បាននិយាយថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់តួនាទីពេញលេញដល់ការដឹកនាំ និងសម្របសម្រួលរបស់គណៈកម្មាធិការសហប្រតិបត្តិការវិនិយោគរុស្ស៊ី-ចិន លើកកម្ពស់អាជីវកម្មដោយយុត្តិធម៌ និងមានតម្លាភាព ជំរុញគម្រោងសំខាន់ៗជាលំដាប់និងនាំទំនាក់ទំនងរុស្ស៊ី-ចិនទៅកាន់កម្រិតកំពូល។ បន្ទាប់ពីកិច្ចប្រជុំ លោកឌីង និងលោក ម៉ាន់ទូរ៉ូវ បានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





