អ៊ីរ៉ង់នឹងសាងសង់ឡើងវិញនូវរោងចក្រនុយក្លេអ៊ែរដែលត្រូវបានបំផ្ទុះដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូអ៊ូដ ប៉េហ្សេសគីអាន់ (Masoud Pezeshkian) បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់នឹងសាងសង់ឡើងវិញនូវរោងចក្រនុយក្លេអ៊ែរដែលត្រូវបានបំផ្លាញដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោក ប៉េហ្សេសគីអាន់ ត្រូវបានដកស្រង់សម្តីដោយបណ្តាញតេឡេក្រាមរបស់រដ្ឋបាលលោកថា «ចំណេះដឹងវិទ្យាសាស្ត្រត្រូវបានរក្សាទុកក្នុងគំនិតរបស់អ្នកវិទ្យាសាស្ត្ររបស់យើង ដូច្នេះការបំផ្លាញរោងចក្រនុយក្លេអ៊ែរ [សហរដ្ឋអាមេរិក] នឹងមិនបង្កើតបញ្ហាសម្រាប់ទីក្រុងតេអេរ៉ង់ទេ។ យើងនឹងសាងសង់អគារទាំងនោះឡើងវិញ ហើយសមត្ថភាពរបស់ពួកគេនឹងកាន់តែធំជាងមុន»។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានធ្វើកិច្ចចរចាដោយប្រយោលចំនួនប្រាំជុំទៅលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលសម្របសម្រួលដោយអូម៉ង់។ ជុំទីប្រាំមួយដែលគ្រោងធ្វើនៅថ្ងៃទី១៥ ខែមិថុនា ត្រូវបានលុបចោលបន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមរយៈពេល ១២ថ្ងៃរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។
ក្រោយមក សហរដ្ឋអាមេរិកបានចូលរួមអរិភាព ដោយវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់នៅថ្ងៃទី២២ ខែមិថុនា។ ទីក្រុងតេអេរ៉ង់បានសងសឹកវិញដោយវាយប្រហារមូលដ្ឋានទ័ពអាកាស Al Udeid របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកាតា ហើយបន្ទាប់មកបានប្រកាសថាខ្លួនមិនមានបំណងធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើងនោះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃទី២៣ ខែមិថុនា ថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានព្រមព្រៀងទៅលើបទឈប់បាញ់ដើម្បីបញ្ចប់ជម្លោះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





