មន្ត្រីរុស្ស៊ី និងអាម៉េរិក ជួបពិភាក្សាគ្នាក្រៅផ្លូវការនៅក្នុងកិច្ចប្រជុំកំពូល APEC នៅកូរ៉េខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- យោងតាមការផ្សាយវីដេអូនៃព្រឹត្តិការណ៍កិច្ចប្រជុំកំពូល APEC ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសេយ អូវើឈុក (Alexei Overchuk) បានធ្វើការសន្ទនាក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កូតត៍ បេសសិនត៍ (Scott Bessent) ក្នុងអំឡុងពេលកិច្ចប្រជុំមេដឹកនាំ APEC នៅទីក្រុងក្យឹងជូរបស់ប្រទេសកូរ៉េខាងត្បូង។
លោក អូវើឈុក បានដឹកនាំគណៈប្រតិភូរុស្ស៊ីនៅឯកិច្ចប្រជុំកំពូលAPEC ហើយលោក បេសសិនត៍ បានដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិក។ការផ្សាយនោះបានបង្ហាញពីការសន្ទនា ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុនដែលមានរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយវាត្រូវបានធ្វើឡើងដោយគ្មានអ្នកបកប្រែ។
ព្រឹត្តិការណ៍សំខាន់នៃសប្តាហ៍កិច្ចប្រជុំកំពូល APEC — កិច្ចប្រជុំកំពូលមេដឹកនាំ — បានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុននៅក្នុងប្រទេសកូរ៉េខាងត្បូង។ នៅក្នុងឆ្នាំនេះ គណៈប្រតិភូមកពីរដ្ឋចូលរួមទាំងអស់មានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងក្យឹងជូ ក៏ដូចជាថ្នាក់ដឹកនាំដែលត្រូវបានអញ្ជើញ — នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ និងព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប់រួម៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





