វិមានក្រឹមឡាំង៖ រុស្ស៊ីតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងប្រទេសវេណេស៊ុយអេឡា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់សារព័ត៌មានតាសស៍(TASS) ថា រុស្ស៊ីកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា ទាក់ទងនឹងសម្ពាធយោធារបស់សហរដ្ឋអាមេរិក។
លោកបាននិយាយថា «យើងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា»។ លោកបាននិយាយដូចនេះដោយធ្វើអត្ថាធិប្បាយទៅលើការរាយការណ៍របស់សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ ដែលនិយាយថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានផ្ញើសំណើទៅកាន់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) សម្រាប់ការផ្គត់ផ្គង់គ្រាប់មីស៊ីល រ៉ាដា និងយន្តហោះខណៈដែលមានការគំរាមកំហែងពីសហរដ្ឋអាមេរិកចំពោះប្រទេសរបស់លោក។
នៅពេលមុននេះ សារព័ត៌មាន Miami Herald បានរាយការណ៍ថារដ្ឋបាលអាម៉េរិកបានសម្រេចចិត្តវាយប្រហារគោលដៅយោធានៅក្នុងប្រទេសវេណេស៊ុយអេឡា។ យោងតាមសារព័ត៌មាននេះបានឱ្យដឹងថាការវាយប្រហារទាំងនេះអាចត្រូវបានអនុវត្តក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬសូម្បីតែម៉ោងខាងមុខ។ ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានបដិសេធនៅក្នុងកិច្ចសន្ទនាជាមួយអ្នកសារព័ត៌មានថា លោកកំពុងពិចារណាចំពោះការវាយប្រហារលើប្រទេសវេណេស៊ុយអេឡា ឬបានធ្វើការសម្រេចចិត្តទៅលើបញ្ហានេះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





