ការពង្រឹងទំនាក់ទំនងជាមួយចិន គឺជាអាទិភាពនៃគោលនយោបាយការបរទេសរបស់រុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ការពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយប្រទេសចិន គឺជាអាទិភាពនៃគោលនយោបាយការបរទេសរបស់រុស្ស៊ី។ នេះបើយោងតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ឆឺនីសិនកូ (Dmitry Chernyshenko) នៅក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំលើកទី២៩ នៃគណៈកម្មការរុស្ស៊ី-ចិន សម្រាប់រៀបចំកិច្ចប្រជុំទៀងទាត់របស់ប្រមុខរដ្ឋាភិបាល ដែលបានធ្វើឡើងក្នុងអំឡុងពេលទស្សនកិច្ចការងាររបស់លោកទៅកាន់ប្រទេសចិន។
លោកបាននិយាយថា «ការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយស្មើភាព និងជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយប្រទេសចិនដ៏រួសរាយរាក់ទាក់ គឺជាអាទិភាពនៃគោលនយោបាយការបរទេសរបស់រុស្ស៊ី»។
លោកឧបនាយករដ្ឋមន្ត្រីបានរំលឹកថា ជាការបញ្ជាក់ពីភាពជាដៃគូនេះប្រមុខរដ្ឋទាំងពីរ គឺ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបប្រជុំផ្ទាល់ចំនួនពីរលើកនៅក្នុងឆ្នាំនេះ ដែលក្នុងអំឡុងពេលនោះ មេដឹកនាំទាំងពីរបានគូសបញ្ជាក់ពីភារកិច្ចសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
លោក ឆឺនីសិនកូ បានសង្កត់ធ្ងន់ថា «កិច្ចសន្ទនារបស់ពួកគេមានលក្ខណៈជាប្រព័ន្ធ និងទៀងទាត់ ដែលមានលក្ខណៈដោយកម្រិតខ្ពស់នៃការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក»។
លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសចិន គឺជាដៃគូដ៏សំខាន់របស់រុស្ស៊ីនៅលើឆាកអន្តរជាតិ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





