ឥណ្ឌូណេស៊ីនឹងសាងសង់នាវាមុជទឹកគ្មានមនុស្សបើកចំនួន ៣០គ្រឿង
AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី លោក អេសចាហ្រ្វី អេសជែមសូអេដឌីន (Sjafrie Sjamsoeddin) បានបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីនឹងផលិតនាវាមុជទឹកស្វ័យប្រវត្តិ ឬគ្មានមនុស្សបើក (KSOT) ចំនួន ៣០គ្រឿង ដើម្បីការពារ«ចំណុចស្ទះ» នៅទូទាំងដែនទឹកឥណ្ឌូណេស៊ី។
ថ្លែងនៅកំពង់ផែបញ្ជាការកងនាវាចរឥណ្ឌូណេស៊ី II ក្នុងទីក្រុងស៊ូរ៉ាបាយ៉ា កាលពីពេលថ្មីៗនេះ លោក អេសចាហ្រ្វី បាននិយាយថា ផែនការនេះត្រូវបានធ្វើឡើងបន្ទាប់ពីការវាយតម្លៃបច្ចេកទេសជាមួយមេបញ្ជាការកងកម្លាំងប្រដាប់អាវុធជាតិ (TNI) នាយសេនាធិការកងទ័ពជើងទឹក និងនាយកក្រុមហ៊ុន PT PAL ដែលជាក្រុមហ៊ុនសាងសង់នាវា និងវិស្វកម្មរបស់រដ្ឋ។
ក្រសួងការពារជាតិបានរាយការណ៍ទៅប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) ដែលបានជំរុញឱ្យគម្រោងនេះទទួលបានជោគជ័យ។
នាវាមុជទឹកស្វ័យប្រវត្តិនេះមានទំហំតូច និងគ្មានមនុស្សបើកដំណើរការដោយម៉ូទ័រអគ្គីសនី ជាមួយនឹងប្រព័ន្ធរុករកដែលបច្ចុប្បន្នពឹងផ្អែកលើសញ្ញាអ៊ីនធឺណិត។
លោក អេសចាហ្រ្វី បាននិយាយថា តាមរយៈប្រតិបត្តិការនាវាមុជទឹកស្វ័យប្រវត្តិនេះ អត្ថប្រយោជន៍ជាច្រើនអាចសម្រេចបាន។ លោកបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីអាចសម្រេចបានប្រសិទ្ធភាពទាំងបុគ្គលិកសម្ភារៈ និងពេលវេលា ដោយលោកបានសង្កត់ធ្ងន់ថា វត្តមាននៃកងនាវាមុជទឹកគ្មានមនុស្សបើកនៅក្នុងកងទ័ពជើងទឹកនឹងបង្កើតអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រថ្មីសម្រាប់ប្រទេសឥណ្ឌូណេស៊ីក្នុងការការពារដែនទឹករបស់ខ្លួន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





