ក្រុមហ៊ុនបច្ចេកវិទ្យាហ៊ូណានប៊ីលីនស៊ីងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មីដំបូងគេនៅក្នុងខេត្តហ៊ូណាន
AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ជាមួយនឹងផលិតផលមនុស្សយន្តប្រភេទ X1 ដែលស្រដៀងទៅនឹងមនុស្ស ដែលជាផលិតផលមួយក្នុងចំណោមផលិតផលនៅក្នុងស៊េរីបញ្ញាសិប្បនិម្មិត (AI) របស់ក្រុមហ៊ុនបច្ចេកវិទ្យាហ៊ូណានប៊ីលីនស៊ីង បានធ្វើឱ្យក្រុមហ៊ុននេះត្រូវបានទទួលស្គាល់ចំពោះការអនុវត្តដ៏លេចធ្លោរបស់ខ្លួន និងត្រូវបានផ្តល់កិត្តិយសជាមួយនឹងពានរង្វាន់ជាច្រើន រួមទាំងការត្រូវបានដាក់ឈ្មោះថាជា «ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី» ដំបូងគេផងដែរ ដែលត្រូវបានទទួលស្គាល់ដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ថាជា«សហគ្រាសឆ្អឹងខ្នង» នៅក្នុងចង្កោមផលិតកម្មជឿនលឿនជាតិ និងជា«សហគ្រាសធុនតូច និងមធ្យមដែលមានជំនាញ ចម្រាញ់ មានលក្ខណៈ និងច្នៃប្រឌិត» នៅក្នុងខេត្តហ៊ូណាន។
ដោយត្រូវបានបំពាក់ដោយប្រព័ន្ធដៃពីរជីវសាស្រ្តដែលមានសេរីភាពប្រាំពីរដឺក្រេ មនុស្សយន្តប្រភេទ X1 អាចចម្លងការរៀបចំដ៏ល្អិតល្អន់ដូចនឹងដៃរបស់មនុស្ស។ វាស័ក្តិសមសម្រាប់សេណារីយ៉ូជាច្រើនប្រភេទ រួមទាំងសេវាកម្មនៅក្នុងផ្ទះ និងស្វ័យប្រវត្តិកម្មឧស្សាហកម្ម ហើយផ្តល់នូវវេទិកាពិសោធន៍កម្រិតខ្ពស់សម្រាប់ការស្រាវជ្រាវលើបញ្ញាសិប្បនិម្មិត និងកិច្ចសហការរវាងមនុស្ស និងមនុស្សយន្ត។
ក្រៅពីការជួយក្នុងការទទួលភ្ញៀវ និងការណែនាំ សេវាម្ហូបអាហារ និងការពិគ្រោះយោបល់ព័ត៌មាន មនុស្សយន្តប្រភេទនេះក៏អាចគាំទ្រដល់ខ្សែសង្វាក់ផលិតកម្មឧស្សាហកម្មធុនស្រាល និងការត្រួតពិនិត្យសុវត្ថិភាពផងដែរដែលធ្វើឱ្យវេទិកាបច្ចេកវិទ្យាមានសារៈសំខាន់សម្រាប់ការបណ្តុះបណ្តាលការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍការអប់រំ។
ក្រុមហ៊ុនបច្ចេកវិទ្យាប៊ីលីនស៊ីង បានប្រមូលផ្តុំក្រុមនិស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតមកពីសាកលវិទ្យាល័យកំពូលៗ ដូចជាសាកលវិទ្យាល័យ Tsinghua និងសាកលវិទ្យាល័យហ៊ូណាន ដោយទាញយកអត្ថប្រយោជន៍ពីបទពិសោធន៍ឧស្សាហកម្មជាង ២០ឆ្នាំ ក្រុមហ៊ុននេះបានអភិវឌ្ឍន៍ផលិតផលមនុស្សយន្តឆ្លាតវៃជិត ៣០ប្រភេទប្រកបដោយជោគជ័យនៅទូទាំងស៊េរីចំនួនប្រាំពីរ រួមទាំងមនុស្សយន្តអ័ក្សប្រាំមួយមនុស្សយន្តប្រភេទ X1។
ក្រុមហ៊ុននេះបានផ្តល់សេវាកម្ម និងផលិតផលរបស់ខ្លួនទៅកាន់ក្រុមហ៊ុន និងស្ថាប័នធំៗជាច្រើន ដែលរួមមានក្រុមហ៊ុន Huawei ក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មចិនខាងជើង បណ្ឌិត្យសភារូបវិទ្យាវិស្វកម្មចិន និងសាកលវិទ្យាល័យ Xi'an Jiaotong ជាដើម។ ផលិតផលរបស់វាត្រូវបានចែកចាយនៅទូទាំងខេត្ត តំបន់ស្វយ័ត និងទីក្រុងចំនួន២៩ ដោយផ្ទាល់នៅក្រោមរដ្ឋាភិបាលកណ្តាល ដោយក្នុងនោះក៏មានមហាវិទ្យាល័យ និងសាកលវិទ្យាល័យជាង២០០ ដែលបានប្រើប្រាស់សេវាកម្ម និងផលិតផលរបស់ខ្លួនផងដែរ។
មួយវិញទៀត ក្រុមហ៊ុននេះក៏ត្រូវបានអនុម័តឱ្យសាងសង់ «មូលដ្ឋានអប់រំសហករណ៍សាកលវិទ្យាល័យ-សហគ្រាស នវានុវត្តន៍ និងសហគ្រិនភាព» ដោយមន្ទីរអប់រំខេត្តហ៊ូណាន និង «មូលដ្ឋានបណ្តុះបណ្តាលសាធារណៈសម្រាប់ទេពកោសល្យផលិតកម្មឆ្លាតវៃ»នៅក្នុងទីក្រុងឆាងសា ដោយទទួលបានការផ្សាយពីប្រព័ន្ធផ្សព្វផ្សាយដែលមានសិទ្ធិអំណាចមួយចំនួន ដូចជាស្ថានីយ៍ទូរទស្សន៍ផ្កាយរណបហ៊ូណាននិងសារព័ត៌មានប្រចាំថ្ងៃហ៊ូណានជាដើម៕
ដោយ៖ យា ចិន្តាខន្តី





