ឯកឧត្តម អ៊ុ រាត្រី នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋខ្វះខាត ២៩០គ្រួសារ នៅក្រុងសិរីសោភ័ណ
AKPបន្ទាយមានជ័យថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២៥–
ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ រួមនិងក្រុមការងារ បានដឹកនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតសរុប ២៩០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទាំង៧ នៃក្រុងសិរីសោភ័ណ។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅសាលាបឋមសិក្សា ហ៊ុន សែន សូភី ស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម អ៊ុ រាត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅបំផុតពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកដែលកំពុងមានទុក្ខលំបាក។

ឯកឧត្តមបានគូសបញ្ជាក់ជាថ្មីពីតួនាទីស្នូលរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ត្រចះត្រចង់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា មាតាមនុស្សធម៌ ថា «សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ជាពិសេសកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅពេលជួបគ្រោះថ្នាក់ផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ»។
ឯកឧត្តមក៏បានបន្ថែមថា ការងារមនុស្សធម៌នេះ គឺអនុវត្តជាប់ជាប្រចាំ ស្របតាមទស្សនៈ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ៊ុ រាត្រី និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់មកលើសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ ជាពិសេសនៅពេលដែលពួកគាត់កំពុងជួបការលំបាកក្នុងជីវភាព។
លោកបានគូសបញ្ជាក់ថា«អំណោយទាំងនេះមិនត្រឹមតែជាសម្ភារៈជួយសម្រាលបន្ទុកនោះទេ តែជាកម្លាំងចិត្តដ៏ធំធេង ដែលបង្ហាញពីភាពកក់ក្តៅរបស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ»។
ទន្ទឹមនឹងការចែកអំណោយ ឯកឧត្តម អ៊ុ រាត្រី ក៏បានឆ្លៀតក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ឱ្យចេះ ថែរក្សាសុខភាព និងរស់នៅឱ្យបានល្អប្រសើរដើម្បីជៀសវាងពីជំងឺរាតត្បាតផ្សេងៗ ជាពិសេសជំងឺគ្រុនឈាម និងជំងឺផ្សេងៗដែលកើតឡើងដោយសារអនាម័យមិនគ្រប់គ្រាន់។ ឯកឧត្តមបានជំរុញឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍គោលការណ៍ «៣ កុំ ៣ ការពារ» ដើម្បីទប់ស្កាត់ជំងឺផ្សេងៗផងដែរ។
បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលអំណោយក្នុងថ្ងៃនេះ បានសម្តែងនូវក្តីរំភើប និងការដឹងគុណយ៉ាងខ្លាំងចំពោះសកម្មភាពមនុស្សធម៌នេះ។
អ្នកស្រី យិន នារី តំណាងប្រជាពលរដ្ឋដែលទទួលបានអំណោយ បានលើកឡើងទាំងទឹកមុខរំភើបថាយើងទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្តម អ៊ុ រាត្រី ព្រមទាំងក្រុមការងារកាកបាទក្រហមទាំងអស់ ដែលបានចងចាំនិងជួយដល់ពួកយើងដែលខ្វះខាត។ អំណោយទាំងនេះគឺពិតជាមានតម្លៃខ្លាំងណាស់ ព្រោះវាបានជួយសម្រាលជីវភាពប្រចាំថ្ងៃរបស់គ្រួសារខ្ញុំបានមួយរយៈ។ កាកបាទក្រហមកម្ពុជា ពិតជាម្លប់ដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋគ្រប់រូប»។
សូមបញ្ជាក់ថាសកម្មភាពចែកអំណោយនេះ មិនត្រឹមតែបានផ្តល់ជំនួយជាសម្ភារៈប៉ុណ្ណោះទេ តែថែមទាំងបានបន្សល់ទុកនូវភាពកក់ក្តៅ និងកម្លាំងចិត្តដ៏ធំធេងដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាព ស្របតាមបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា៕
ដោយ៖ ឈុន សារ៉ាត





