ឧស្សាហកម្មកាំជ្រួចក្នុងទីក្រុងលីវយ៉ាងបានប្រែក្លាយទីក្រុងនេះជាតំបន់ទាក់ទាញទេសចរណ៍វប្បធម៌ចម្បងមួយរបស់ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ទីក្រុងលីវយ៉ាង ដែលត្រូវបានគេស្គាល់ថាជា «ស្រុកកំណើតនៃកាំជ្រួចចិន» គឺជាកន្លែងកំណើតនៃការផលិតកាំជ្រួច និងផាវ។ បច្ចុប្បន្ន ទីក្រុងនេះមានសហគ្រាសផលិតកាំជ្រួចនិងផាវចំនួន ៤៣១កន្លែង ដែលស្មើនឹងប្រហែល ៦០% នៃចំនួនសរុបនៅក្នុងខេត្តហ៊ូណាន។ ក្នុងចំណោមនោះ មានសហគ្រាសផលិតកាំជ្រួច និងផាវចំនួន ២៦៩កន្លែងកំពុងធ្វើអាជីវកម្មនាំចេញ។ លេខាធិការដ្ឋាននៃគណៈកម្មាធិការបច្ចេកទេសស្តង់ដារកាំជ្រួច និងផាវអន្តរជាតិ (ISO) គណៈកម្មាធិការបច្ចេកទេសស្តង់ដារកាំជ្រួច និងផាវជាតិ មជ្ឈមណ្ឌលត្រួតពិនិត្យគុណភាពផលិតផលកាំជ្រួច និងផាវជាតិ និងអង្គការឧស្សាហកម្មដែលមានសិទ្ធិអំណាចផ្សេងទៀត មានមូលដ្ឋានជាអចិន្ត្រៃយ៍នៅក្នុងទីក្រុងលីវយ៉ាង។
ឧស្សាហកម្មកាំជ្រួច និងផាវលីវយ៉ាង បានបង្កើតខ្សែសង្វាក់ឧស្សាហកម្មពេញលេញមួយ ដែលរួមបញ្ចូលនូវផលិតកម្ម ប្រតិបត្តិការការស្រាវជ្រាវ អភិវឌ្ឍន៍ និងភស្តុភារ។ មាត្រដ្ឋានឧស្សាហកម្មរបស់វានៅតែធំជាងគេនៅក្នុងប្រទេសចិន។ នៅក្នុងឆ្នាំ២០២៤ ទីក្រុងនេះសម្រេចបានតម្លៃទិន្នផលសរុបចំនួន ៥០,២២ពាន់លានយន់ និងតម្លៃនាំចេញចំនួន ៦,៥៨ពាន់លានយន់ ដែលតំណាងឱ្យកំណើនប្រចាំឆ្នាំ ២៤,៩%។ បច្ចុប្បន្ននេះ ការលក់កាំជ្រួច និងផាវក្នុងស្រុកពីទីក្រុងលីវយ៉ាង មានចំនួនប្រហែល ៦០% នៃចំនួនសរុបទូទាំងប្រទេសចិន ហើយទីផ្សារគ្របដណ្តប់លើខេត្ត-ក្រុង និងតំបន់ស្វយ័តចំនួន៣១ នៅក្នុងប្រទេសចិន។ ការនាំចេញមានចំនួនប្រហែល ៧០% នៃចំនួនសរុបទូទាំងប្រទេស ដោយមានទីផ្សារគ្របដណ្តប់លើប្រទេស និងតំបន់ជាង១០០ នៅអាម៉េរិក អឺរ៉ុប និងអាស៊ីអាគ្នេយ៍ជាដើម។ ក្នុងចំណោមនោះ តំបន់អាស៊ីអាគ្នេយ៍ និងតំបន់ឆ្នេរសមុទ្រមានចំនួនប្រហែល ១៨% នៃតម្លៃនាំចេញ។
ក្នុងចំណោមរលកនៃការអភិវឌ្ឍទេសចរណ៍វប្បធម៌ដែលកំពុងមានការកើនឡើង ទីក្រុងលីវយ៉ាង ដែលជាកន្លែងកំណើតដ៏សំខាន់នៃវប្បធម៌កាំជ្រួច បានទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងឧស្សាហកម្មពិសេសរបស់ខ្លួនដើម្បីបង្កើតផ្លូវដ៏ពិសេសមួយ ដោយរួមនូវបញ្ចូលការផលិតកាំជ្រួចជាមួយនឹងទេសចរណ៍វប្បធម៌។
តាមរយៈការបង្កើតកម្មវិធីបាញ់កាំជ្រួចដ៏គួរឱ្យចាប់អារម្មណ៍ ដូចជាកម្មវិធី «មហោស្រពលើមេឃ» និងកម្មវិធី «ការបាញ់កាំជ្រួចចុងសប្តាហ៍»ទីក្រុងលីវយ៉ាង បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន។ ទន្ទឹមនឹងនេះដែរការបាញ់កាំជ្រួចបានជំរុញកំណើនយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍ជនបទ និងឧស្សាហកម្មម្ហូបអាហារ និងកន្លែងស្នាក់នៅ ដោយទទួលបានជោគជ័យក្នុងការទទួលបានការតែងតាំងជាតំបន់បង្ហាញជាតិសម្រាប់ការធ្វើសមាហរណកម្មឧស្សាហកម្មវប្បធម៌ និងទេសចរណ៍។ កម្មវិធីបាញ់កាំជ្រួចច្នៃប្រឌិតដែលត្រូវបានអនុវត្តដោយជោគជ័យនៅកន្លែងជាច្រើនទាំងនៅក្នុងប្រទេសចិន និងនៅបរទេស បានបង្កើនឥទ្ធិពលរបស់ម៉ាកយីហោយ៉ាងសំខាន់មួយនេះ។ នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស កាំជ្រួចរបស់ទីក្រុងលីវយ៉ាងបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងការច្នៃប្រឌិតបច្ចេកវិទ្យារបស់ពួកគេ ដោយបំពេញនូវតម្រូវការនៃការបង្ហាញគ្រប់ឈុតឆាក។
នៅក្នុងពិធីបុណ្យវប្បធម៌កាំជ្រួច និងផាវលីវយ៉ាងលើកទី១៧ ដែលបានប្រារព្ធឡើងនៅទីក្រុងលីវយ៉ាង ខេត្តហ៊ូណាន កាលពីថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៥ កន្លងទៅនេះ មានការបង្ហោះយន្តហោះដ្រូនចំនួន១៥.៩៤៧គ្រឿងក្នុងពេលដំណាលគ្នាប្រកបដោយជោគជ័យ ដែលបំបែកកំណត់ត្រាពិភពលោក Guinness សម្រាប់ «យន្តហោះដ្រូនច្រើនជាងគេដែលត្រូវបានបាញ់បង្ហោះក្នុងពេលដំណាលគ្នាដោយកុំព្យូទ័រតែមួយនៅលើពិភពលោក»។ ការសម្តែងនេះបង្ហាញពីការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃកាំជ្រួចទីក្រុងលីវយ៉ាងជាមួយនឹងបច្ចេកវិទ្យា ដែលលើកកម្ពស់ការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មកាំជ្រួច និងផាវប្រពៃណីឆ្ពោះទៅរកសិល្បៈដ៏ស៊ីជម្រៅ។
កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ពិធីបុណ្យកាំជ្រួចលីវយ៉ាងលើកទី៦ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅឯរោងមហោស្រពLiuyang Sky Theatre។ ក្រុមកាំជ្រួចកំពូលៗមកពីប្រទេសចំនួនប្រាំមួយដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន ហុងគ្រី បែលហ្ស៊ិក ស៊ុយអែត និងស្លូវេនីបានធ្វើការប្រកួតបាញ់កាំជ្រួចដ៏ស្វិតស្វាញ។ អ្នករចនាកាំជ្រួចមកពីប្រទេសចំនួនប្រាំមួយនោះនឹងប្រើប្រាស់ផ្ទៃមេឃជាផ្ទៃខាងក្រោយ និងរំសេវកាំភ្លើងជាផ្ទាំងក្រណាត់ ដើម្បីបង្ហាញកម្មវិធីកាំជ្រួចដ៏អស្ចារ្យ ហើយក៏មានការសម្តែងគាំទ្រដោយក្រុមកាំជ្រួចចិន ដែលជាអ្នករៀបចំនៅនឹងកន្លែងផងដែរដោយបង្ហាញឈុតឆាកកាំជ្រួចដ៏ល្បីល្បាញ ដែលត្រូវបានគេរំពឹងថានឹងរីករាលដាលពាសពេញប្រព័ន្ធអ៊ីនធឺណិត៕
ដោយ៖ យា ចិន្តាខន្តី





