កាស៊ីណូ ស៊ីលវើរ ស្តារនៅក្រុងបាវិតត្រូវបានព្យួរអាជ្ញាប័ណ្ណបន្ទាប់ពី រកឃើញមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ស្វាយរៀង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥
លេខាធិការដ្ឋាននៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ និងសម្របសម្រួល ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជកម្មកម្ពុជា(គ.ល.ក.) និង កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ បានចុះឆែកឆេរទីតាំង សង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកាស៊ីណូ ស៊ីលវើរ ស្តារ ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។

ប្រតិបត្តិការនេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២៣នាក់ ក្នុងនោះ ជនជាតិស្រីលង្កាមានចំនួន ៦នាក់ (ស្រ្តី១នាក់) ប៉ាគីស្ថាន ៧នាក់(ស្រ្តី ២នាក់) ហ្វីលីពីន ២នាក់(ស្រី ២នាក់) នេប៉ាល់ ២នាក់(ស្រ្តី២នាក់) ឥណ្ឌា ១នាក់ នីហ្ស៊េរីយ៉ា ១នាក់ អាល់ហ្ស៊េរី ១នាក់ (ដែលសមត្ថកិច្ចសង្ស័យជាជនរងគ្រោះ) និង ជនសង្ស័យជាមុខសញ្ញាមេខ្លោងចំនួន ៣នាក់ (ចិនតៃវ៉ាន់១នាក់ និងម៉ាឡេស៊ីចំនួន ២នាក់) ។ជាមួយនឹងការដកហូតវត្ថុតាងរួមមាន Call Center ២៤ទូរ, លិខិតឆ្លងដែន១៩ក្បាល និងទូរសព្ទដៃ២០ គ្រឿង។

បន្ទាប់ពីទទួលបានភស្តុតាងគ្រប់គ្រាន់ គណ:កម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) បានសម្រេចចាត់វិធានព្យួរអាជ្ញាប័ណ្ណ ចំពោះកាស៊ីណូ ស៊ីលវើរ ស្តារ មិនឱ្យដំណើរការអាជីវកម្មបន្តទៀតទេ។សមត្ថកិច្ចបានបញ្ជូនមុខសញ្ញាមេខ្លោងទាំង៣នាក់ មានជនជាតិចិនតៃវ៉ាន់ ១នាក់ និងម៉ាឡេស៊ី២នាក់ ទៅតុលាការខេត្តស្វាយរៀង ដើម្បីអនុវត្តន៍នីតិវិធីផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកឯជនបរទេស២០នាក់ ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបន្តនីតិវិធីនិរទេសចេញពីកម្ពុជា។

សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕
ដោយ៖ គង់ សិរីរ័ត្ន





