វគ្គបណ្ដុះបណ្ដាលស្ដីពីនវានុវត្តបច្ចេកវិទ្យាអប់រំបង្ហាញនូវចំណេះដឹង និងឧបករណ៍ឌីជីថលថ្មីជំនួយដល់ការបង្រៀន
AKP ភ្នំពេញថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២៥–
គ្រូឧទ្ទេស និងគរុសិស្សនៅក្នុងខេត្តសៀមរាប ព្រៃវែង និងខេត្តតាកែវ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីនវានុវត្តបច្ចេកវិទ្យាឌីជីថលជំនួយដល់ការបង្រៀន និងរៀន ក្រោមការរៀបចំឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថលក្រសួងអប់រំ យុវជន និងកីឡា។

វគ្គបណ្ដុះបណ្ដាលនេះផ្តោតជាពិសេសលើការណែនាំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ការបង្រៀន និងរៀន ពិសេសបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការអប់រំ ដែលជាកំណែទម្រង់អាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សិក្ខាកាមទាំងអស់បានចូលរួមយ៉ាងសកម្មទាំងដោយផ្ទាល់ និងតាមរយៈថ្នាលអភិវឌ្ឍន៍សមត្ថភាព (CDP) ដែលអនុញ្ញាតឱ្យពួកគេស្វ័យសិក្សាដើម្បីអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដោយតាមរយៈការអនុវត្តផ្ទាល់លើថ្នាល និងឧបករណ៍ឌីជីថលថ្មីៗ សិក្ខាកាមនឹងអាចយកទៅប្រើប្រាស់ក្នុងថ្នាក់រៀន ដើម្បីបង្កើនប្រសិទ្ធភាពបង្រៀន និងលើកកម្ពស់ការចូលរួមរបស់សិស្សានុសិស្ស៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





