ឯកឧត្តម ម៉ាង ស៊ីណេត និងឯកឧត្តម សុខ គាង អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦
AKP ព្រះសីហនុ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ --
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សុខ គាង ប្រធានក្រុមការងារវិស័យអប់រំយុវជន និងកីឡា ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ ដោយបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសិក្សានៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសដែលចូលរួមចំណែកក្នុងការបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពសមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ និងជាទំពាំងស្នងឬស្សីប្រកបដោយភាពសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសបានខិតខំបង្ហាត់បង្រៀនក្មួយៗសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជារៀងរាល់ឆ្នាំបានលទ្ធផលជាទីមោទក។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈក្រសួងអប់រំ បានយកចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗសំដៅលើកកម្ពស់គុណភាពអប់រំផ្តោតទៅលើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ និងផ្សព្វផ្សាយគោលនយោបាយយុទ្ធសាស្ត្រផែនការសកម្មភាព វិធានការចាំបាច់នានា និងកំណត់នូវក្របខ័ណ្ឌសមិទ្ធកម្មដែលរួមមានសូចនាករគន្លឹះ និងវិធីសាស្ត្រវាស់វែងពង្រឹងគុណភាពអប់រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សាប្រកបដោយស័ក្តិសិទ្ធភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម តាមរយៈការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ការយកចិត្តទុកដាក់លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា ជំរុញលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ស្របតាមពាក្យស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។ រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់លើវិស័យអប់រំ ព្រមទាំងការអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្ដានុពលពេញលេញខាងផ្លូវកាយ បញ្ញា ចិត្ត និងផ្លូវអារម្មណ៍ ក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ។ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់លើបរិស្ថានសិក្សានៅតាមសាលារៀនក្នុងខេត្ត តាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការសាងសង់ និងជួសជុលអគារសិក្សា និងកែលម្អបណ្ណាល័យ ការរៀបចំទីលានកីឡា ការរៀបចំអាហារដ្ឋាន ចំណត ការបំពាក់សម្ភារៈថ្នាក់មត្តេយ្យ ការរៀបចំសួនជីវៈចម្រុះ និងសួនអំណាន ព្រមទាំងសម្ភារ និងបរិក្ខារពេទ្យនៅក្នុងគ្រឹះស្ថានសិក្សានានាក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៦ រដ្ឋបាលឃុំ សង្កាត់ទាំង២៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង ដែលរួមមាន ១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និង ៧. ឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម សុខ គាង បានធ្វើការសំណេះសំណាលក្នុងឱកាសបើកបវសនកាលឆ្នាំសិក្សា២០២៥-២០២៦ ព្រមទាំងបានពាំនាំការផ្តាំផ្ញើពីឯកឧត្តម សាយ សំអាល់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់លើវិស័យអប់រំ ដូច្នេះប្អូនៗត្រូវចេះឆ្ងល់ និងហ៊ានសួរនាំដើម្បីបង្កើននូវចំណេះដឹងថ្មីៗបន្ថែមទៀត និងចូលរួមថែរក្សាអនាម័យ បរិស្ថាន ដើម្បីឱ្យសាលារៀនយើងមានភាពល្អ ទន្ទឹមនឹងនោះដែរ លោកគ្រូ អ្នកគ្រូត្រូវដើរឱ្យទាន់បច្ចេកវិទ្យាក្នុងការចាត់ចែងពង្រឹងគុណភាពអប់រំនៅតាមសាលារៀនក្នុងខេត្តព្រះសីហនុ ដូច្នេះសហគមន៍មូលដ្ឋានចូលរួមគ្រប់គ្រងដែលមានក្រសួងអប់រំជាអ្នកដឹកនាំ ហើយអាជ្ញាធរមូលដ្ឋានជាអ្នកតម្រង់ទិស ប្រសិនបើសាលាយើងបានរៀបចំបានស្អាត វាមានការពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព ប្អូនៗត្រូវមានចំណេះដឹង បំណិនជីវិត និងសុវត្ថិភាពចំណីអាហារឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ៕
ដោយ៖ ងូ សុមុនី





