អភិបាលខេត្តព្រះវិហារ ណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយអំពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពិសេសគឺគ្រាប់បែកចង្កោម ដែលនៅសេសសល់ក្នុងតំបន់
AKP ព្រះវិហារ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានផ្តល់អនុសាសន៍ណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារអាទិភាពមួយចំនួន ដូចជាការអប់រំ ណែនាំ និងផ្សព្វផ្សាយអំពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាអាទិភាពចម្បងបំផុត ជាពិសេសគឺគ្រាប់បែកចង្កោម ដែលនៅសេសសល់ក្នុងតំបន់ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស កុំប៉ះពាល់ វត្ថុសង្ស័យ និងត្រូវរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់។ ការណែនាំរបស់ឯកឧត្ដមអភិបាលខេត្ដបែបនេះ នាឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅសាលាបឋមសិក្សាគោកស្រឡៅ និងវិទ្យាល័យ ហ៊ុនសែន ជាំក្សាន្ត ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ពីលោកអភិបាលរងខេត្ត អាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំបណ្តាអង្គភាពនានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សប្រមាណជាង ១ ០០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ដ ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានបំពេញតួនាទីជាអ្នកដឹកនាំ អ្នកផ្ទេរចំណេះដឹង និងជាគំរូដ៏ល្អដល់សិស្សានុសិស្ស។ ឯកឧត្តមអភិបាលខេត្ដក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវិស័យអប់រំក្នុងខេត្ត ដោយបានគូសបញ្ជាក់អំពីការកើនឡើងនៃចំនួនសិស្សប្រឡជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងទៅ។

ឯកឧត្តមអភិបាលខេត្ដបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍវិស័យអប់រំ ជាពិសេសតាមរយៈការស្វែងរកកិច្ចចរចាតាមរយៈការទូត រហូតសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យបន្តការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការពង្រឹងការអប់រំផ្នែកបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល។ ចំពោះកំណែទម្រង់សាលារៀន និងសុខភាពសិក្សា គឺត្រូវពង្រឹងសាលារៀនគំរូ សុខភាពសិក្សា ហើយលោកគ្រូ អ្នកគ្រូ ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនឯងបន្ថែមទៀត ដើម្បីធានាបាននូវគុណភាពអប់រំកាន់តែល្អប្រសើរ៕
ដោយ៖ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





