ឯកឧត្តម លី ច័ន្ទតុលា អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅសាលាវិទ្យាល័យស្ទឹងសែន
AKP កំពង់ធំ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ --
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ អមដំណើរដោយលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ក្រុមកាងារចុះជួយសង្កាត់ស្រយូ៉វ លោក ធន ធុង នាយកសាលាវិទ្យាល័យស្ទឹងសែន ព្រះចៅអធិការវត្តក្តីអណ្ដែត គណៈកម្មកាគ្រប់គ្រងសាលារៀន លោកមេភូមិ លោកគ្ រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យស្ទឹងសែន ស្ថិតនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។

លោក ធន ធុង នាយកសាលាវិទ្យាល័យស្ទឹងសែន បានឡើងរាយការណ៍អំពីស្ថានភាពទូទៅ សាលាវិទ្យាល័យស្ទឹងសែនក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ មានអគារសិក្សា ០៦ខ្នង ៣១បន្ទប់ ដោយដកសម្រាប់ធ្វើទីចាត់ការចំនួន ០២បន្ទប់ និងសម្រាប់ធ្វើបន្ទប់ផ្សេងៗ ០៧បន្ទប់។ មានបុគ្គលិកចំនួន ៦៦នាក់ (ស្រី ៣៣នាក់) សិស្សមធ្យមសិក្សាបឋមភូមិមានចំនួន ៧០៩នាក់ (ស្រី ៣៦៣នាក់) និងសិស្សមធ្យមសិក្សាទុតិយភូមិភូមិមានចំនួន ៦៨១នាក់ (ស្រី ៤២០នាក់)។

ឯកឧត្តម លី ច័ន្ទតុលា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំតាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀន និងរៀន តម្រង់ទិសឆ្ពោះទៅរកការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។

ឯកឧត្តម លី ច័ន្ទតុលា បានបន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈវិធានការចំនួន ០៤រួមមាន ១.ការពង្រឹងអភិបាលកិច្ចសាលារៀន ២.ការពិនិត្យកែសម្រួល រៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ ៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ៤.ការជំរុញលើកទឹកចិត្តឱ្យមានការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក "ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ"៕
ដោយ: ស៊ុម វណ្ណា





