ក្រសួងអប់រំប្រគល់សម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគដល់សាលារៀនរងផលប៉ះពាល់នៅក្នុងខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ --
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់សម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគដល់សាលារៀនដែលរងផលប៉ះពាល់ សម្រាប់ការបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅក្នុងខេត្តព្រះវិហារ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងចំពោះសុខុមាលភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្សទាំងអស់ ជាពិសេសជនភៀសសឹក និងអ្នកដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការចូលរួមចំណែករបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយគាំទ្រដល់សាលារៀនដែលរងផលប៉ះពាល់ ដោយក្រសួងបានប្រើប្រាស់ថវិការផ្ទាល់ដើម្បីជួសជុល និងសាងសង់អគារសិក្សាដែលខូចខាត ក៏ដូចជាសាងសង់អគារបណ្តោះអាសន្ន ដើម្បីធានាថា ការបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ និងការចូលរៀនអាចប្រព្រឹត្តទៅទាន់ពេលវេលា ដោយមិនឱ្យបាត់បង់ឱកាសសិក្សារបស់សិស្សានុសិស្ស។

ឯកឧត្តមបានមានប្រសាសន៍ថា ក្រសួងក៏បាន និងកំពុងខិតខំកៀរគរ និងផ្តល់សម្ភារចាំបាច់មួយចំនួនសម្រាប់ការរៀន និងបង្រៀន ហើយសូមយកឱកាសនេះថ្លែងអំណរគុណដល់ការចូលរួមរបស់សប្បុរសជននានាក្នុងការគាំទ្រ ដោយបានផ្តល់នូវគ្រឿងឧបភោគបរិភោគ សម្ភារកីឡា ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗមួយចំនួនទៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ដែលបានគូសបញ្ជាក់ពីស្មារតីស្នេហាជាតិក្នុងការជួយគាំទ្រឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបភាព និងគ្រប់កាលៈទេសៈ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយឧបត្ថម្ភដល់សាលារៀនដែលរងផលប៉ះពាល់ និងបានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់បន្តប្រុងប្រយ័ត្នខ្ពស់ចំពោះសំណល់សង្គ្រាមផ្សេងៗ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ដែលអាចកើតមាន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





