ឯកឧត្ដម អ៊ុ រាត្រី ពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប នៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ --
ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារ កាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនតេជោសន្តិភាព និងទីតាំងរៀបចំពិធីបណ្ដែតប្រទីប នៅលើផ្ទៃទឹកដងស្ទឹងសិរីសោភ័ណ ដើម្បីត្រៀមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុ រាត្រី បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់មន្ទីរ អង្គភាព កងកម្លាំង និងរដ្ឋបាលក្រុងស្រុកទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់រៀបចំពិធីបណ្តែតប្រទីបយ៉ាងសកម្ម។ ឯកឧត្ដមបានគូសបញ្ជាក់ថា "ទោះបីជាយើងមានការមមាញឹកនឹងកិច្ចការព្រំដែនក្តី ក៏គ្រប់ភាគីពាក់ព័ន្ធនៅតែបានរួមគ្នារៀបចំប្រទីបយ៉ាងល្អិតល្អន់ ដើម្បីដាក់លម្អ អបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនេះ"។ សកម្មភាពមមាញឹកនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព និងការប្ដេជ្ញាចិត្តរបស់អាជ្ញាធរខេត្តក្នុងការថែរក្សា និងលើកស្ទួយបុណ្យប្រពៃណីជាតិខ្មែរ។
បច្ចុប្បន្ន មន្ត្រីរាជការនៅតាមបណ្ដាមន្ទីរ អង្គភាពនានាក្នុងខេត្តបន្ទាយមានជ័យ កំពុងមមាញឹកក្នុងការរៀបចំ និងតុបតែងប្រទីបរបស់ខ្លួនយ៉ាងសកម្មនៅសួនតេជោសន្តិភាពស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ប្រទីបទាំងនោះនឹងត្រូវត្រៀមបង្ហាញរូបរាងនៅលើផ្ទៃទឹកដងស្ទឹងសិរីសោភ័ណ ដើម្បីអបអរសាទរពិធីបុណ្យរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃ១៤ កើត ១៥ កើត និង ០១ រោច ខែ កត្តិក ត្រូវនឹង ថ្ងៃទី០៤, ទី០៥, និងទី០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

ទោះបីជាឆ្នាំនេះរាជរដ្ឋាភិបាលមិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនៅរាជធានីភ្នំពេញក៏ដោយ ក៏រដ្ឋបាលខេត្តបន្ទាយមានជ័យនៅតែសម្រេចប្រារព្ធពិធីនេះឡើងក្នុងកម្រិតថ្នាក់ខេត្តយ៉ាងអធិកអធម ដោយការរៀបចំដាក់តាំងបណ្ដែតប្រទីបនេះដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយ ចូលរួមថែរក្សាបាននូវកេរ្តិ៍ដំណែលវប្បធម៌ដូនតា។
ពាក់ព័ន្ធនឹងសកម្មភាពដ៏មមាញឹកនេះ លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ប្រាប់នៅទីតាំងរៀបចំប្រទីបថា "ក្រុមការងារមន្ទីរព័ត៌មានខេត្តយើងខ្ញុំ ក៏ដូចជាមន្ទីរអង្គភាពដ៏ទៃទៀតនៅតែបន្តសកម្មភាពរៀបចំប្រទីបឱ្យបានរួចរាល់តាមផែនការ។ ប្រទីបនីមួយៗបានរចនាឡើងដោយមានបង្កប់អត្ថន័យសំខាន់ៗអំពីតួនាទីរបស់មន្ទីរ និងសមិទ្ធផលនានារបស់ខេត្ត។ យើងខ្ញុំកំពុងសម្រិតសម្រាំង និងតុបតែងភ្លើងពណ៌ឱ្យបានល្អបំផុត ស្របតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត"។

លោកបានបន្តទៀតថា ការខិតខំនេះ គឺដើម្បីចូលរួមចំណែកលើកតម្កើងសោភ័ណភាពដងស្ទឹងសិរីសោភ័ណ និងរំពឹងថា ប្រទីបដែលនឹងដាក់លើផ្ទៃទឹកនេះនឹងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកកម្សាន្តនៅសួនតេជោសន្តិភាពនាពេលរាត្រី។ប
ច្ចុប្បន្ន ក្រុមការងារទាំងអស់កំពុងតែពន្លឿនការងារជាទីបំផុតដើម្បីបញ្ចប់ការរៀបចំប្រទីបនេះ ហើយគ្រោងនឹងតម្លើងរូបរាងឱ្យបានឆាប់រហ័សនៅលើផ្ទៃទឹកស្ទឹងសិរីសោភ័ណ ដែលជាទីតាំងស្នូលនៃការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្នាក់ខេត្តនាឆ្នាំ២០២៥ នេះ៕
ដោយ: ឈុន សារ៉ាត





