អត្តពលិកជិះសេះក្រោម២១ឆ្នាំមកពី៨ប្រទេស ចូលរួមប្រជែងមេដាយពានរង្វាន់អាស៊ីអាគ្នេយ៍ នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥--សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ សហការជាមួយក្លឹបកីឡាជិះសេះ ជីននីស រីសត (Genius resort) បានរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាជិះសេះ ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ (SEA Youth Cup) នៅរាជធានីភ្នំពេញ ដោយមាន៨ប្រទេសចូលរួមប្រកួតប្រជែងមេដាយជូនជាតិរៀងៗខ្លួន។
លោក សាត សាវីត គ្រូបង្វឹកក្រុមជម្រើសជាតិថ្នាលកីឡាជិះសេះកម្ពុជា និងជាគ្រូបង្វឹកប្រចាំក្លិប Genius resort បានគូសបញ្ជាក់ថា នេះជាប្រវត្តិសាស្ត្រដំបូងនៃការរៀបចំធ្វើម្ចាស់ផ្ទះ កីឡាជិះសេះកម្រិតអន្តរជាតិ នៅក្លឹបជិះសេះ Genius resort រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះនឹងជួយជំរុញដល់ការអភិវឌ្ឍជំនាញកីឡាជិះសេះរបស់កីឡាករវ័យក្មេងក្រោមអាយុ២១ឆ្នាំមកពី៨ប្រទេស ដូចជាម្ចាស់ផ្ទះ កម្ពុជា ចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរីជាដើម។

គ្រូបង្វឹកនៃសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះរូបនេះបន្ថែមថា នេះជាសញ្ញាណដ៏ល្អក្នុងការជួយដល់ការអភិវឌ្ឍដល់វិស័យកីឡាជិះសេះកម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់ ដើម្បីត្រៀមចូលរួមការប្រកួតអន្តរជាតិកម្រិតតំបន់ និងទ្វីបនាពេលខាងមុខ។ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជិះសេះលើពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២១ឆ្នាំ លើកទី៣ ឆ្នាំ២០២៥ ដោយមានអត្តពលិក ៨ប្រទេសចូលរួម ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា នៅទីលានក្លិបជិះសេះ Genius resort រាជធានីភ្នំពេញ។

សហព័ន្ធកម្ពុជាទទួលបានការគាំទ្រពីអន្ដរជាតិ ក៏ដូចជាដៃគូអភិវឌ្ឍក្នុងស្រុកជាច្រើន ក្នុងការរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះឡើង។ លោកបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាកម្មវិធីដ៏ល្អ ដែលបញ្ជាក់ថា សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំព្រឹត្តិការណ៍អន្ដរជាតិ ហើយក៏ជាបទពិសោធន៍ដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការវាស់ស្ទង់ជាមួយបណ្ដាប្រទេសក្នុងតំបន់ ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសកាន់តែប្រសើរ ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេមតែម្ដង។
ក្នុងនាមជាម្ចាស់ផ្ទះ ពានរង្វាន់ SEA Youth Cup លើកដំបូង នៅរាជធានីភ្នំពេញនេះ កម្ពុជាបេក្ខភាពកីឡាការិនីម្នាក់ប៉ុណ្ណោះចូលរួម គឺព្រះនាង នរោត្ដម អម្រិតា។ លោក សាត សាវីត បានបង្ហាញសុទិដ្ឋិនិយមចំពោះព្រះនាងក្នុងនាមកីឡាការិនីតំណាងកម្ពុជាតែម្នាក់គត់ និងធ្លាប់មានបទពិសោធន៍ច្រើនក្នុងការប្រកួតអន្ដរជាតិនឹងធ្វើបានល្អ ជាមួយការឈានទៅដណ្ដើមមេដាយជូនជាតិមាតុភូមិផងដែរ។


គួរបញ្ជាក់ថា ការប្រកួតកីឡាជិះសេះពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ លើកទី៣ រយៈពេល ៣ថ្ងៃ នៅទីលានក្លិបជិះសេះ Genius resort នេះ បើកឱ្យមហាជន ពិសេសអ្នកស្នេហាវិស័យកីឡាជិះសេះអាចចូលរួមទស្សនាដោយឥតគិតថ្លៃ ខណៈអ្នករៀបចំបានអំពាវនាវដល់មហាជនចូលរួមគាំទ្រ ជាពិសេសលើកទឹកចិត្តដល់កីឡាការិនីម្ចាស់ផ្ទះកម្ពុជាឱ្យបានច្រើនកុះករ៕
ដោយ ហេង ណាលីន





