ប៉ាគីស្ថានយល់ព្រមបន្តការចរចាជាមួយក្រុមតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាននៅទីក្រុងអ៊ីស្តង់ប៊ុល
AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ -- យោងតាមប្រភពសន្តិសុខប៉ាគីស្ថានបានប្រាប់សារព័ត៌មាន Xinhua នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ាគីស្ថានបានយល់ព្រមបន្តដំណើរការសន្ទនាជាមួយក្រុមតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី បន្ទាប់ពីមានការស្នើសុំពីពួកតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសម្ចាស់ផ្ទះ។
ប្រភពទាំងនោះបាននិយាយថា គណៈប្រតិភូប៉ាគីស្ថានដែលពីមុនត្រូវបានគ្រោងនឹងចាកចេញ ឥឡូវនេះនឹងស្នាក់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលដើម្បីបន្តការពិភាក្សា។ ប្រភពមួយបាននិយាយថា «ប្រទេសប៉ាគីស្ថានត្រូវបានសម្រេចចិត្តបន្តដំណើរការចរចាដើម្បីផ្តល់ឱកាសសន្តិភាពម្តងទៀត»។
ប្រភពទាំងនោះបានបន្ថែមថា កិច្ចចរចាជុំខាងមុខនឹងផ្តោតលើការទាមទារស្នូលរបស់ប្រទេសប៉ាគីស្ថានថា ប្រទេសអាហ្វហ្គានីស្ថានត្រូវចាត់វិធានការច្បាស់លាស់ អាចផ្ទៀងផ្ទាត់បាន និងមានប្រសិទ្ធភាពប្រឆាំងនឹងក្រុមភេរវករដែលធ្វើប្រតិបត្តិការពីដីរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយសហព័ន្ធប៉ាគីស្ថាន លោក អាតទូលឡាហ៍ តារ៉ា (Attaullah Tarar) បាននិយាយកាលពីថ្ងៃពុធថា កិច្ចសន្ទនាជុំចុងក្រោយបំផុតរវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល «បានបរាជ័យក្នុងការនាំមកនូវដំណោះស្រាយដែលអាចអនុវត្តបាន»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





