តួកគីនឹងបណ្តុះបណ្តាលនិស្សិតយោធាស៊ីរី
AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ -- យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិតួកគី លោក ហ្សេគី អាកតួក (Zeki Akturk) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា និស្សិតយោធាស៊ីរីចំនួន ៤៩នាក់គ្រោងនឹងចាប់ផ្តើមវគ្គសិក្សានៅសាលាយោធាតួកគីនៅថ្ងៃសុក្រនេះ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដែលមានគោលបំណងពង្រឹងសមត្ថភាពការពារជាតិស៊ីរី។
លោក អាកតួក បាននិយាយថា ក្នុងចំណោមនិស្សិត ៤៩នាក់ មាន ១០នាក់មកពីកងទ័ពជើងគោក ១៨នាក់មកពីកងទ័ពជើងទឹក និង ២១នាក់មកពីកងទ័ពអាកាស។
លោក អាកតួក បាននិយាយថា បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃទី១៣ ខែសីហា ប្រទេសស៊ីរី និងតួកគី បានធ្វើការបណ្តុះបណ្តាលរួមគ្នា ការប្រឹក្សាយោបល់ និងការគាំទ្របច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងសន្តិសុខរបស់ប្រទេសស៊ីរី។
លោកបានបន្ថែមថា អង្គភាពកងទ័ពស៊ីរីមួយចំនួនបានចាប់ផ្តើមធ្វើការបណ្តុះបណ្តាលយោធានៅក្នុងប្រទេសតួកគីរួចហើយ ដោយប្រើប្រាស់សម្ភារៈដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធតួកគី។
ចាប់តាំងពីរដ្ឋបាលស៊ីរីថ្មីចូលកាន់តំណែងក្នុងខែធ្នូ ឆ្នាំមុន ទីក្រុងអង់ការ៉ា និងទីក្រុងដាម៉ាស់បានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងសន្តិសុខ ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





