ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីថៃ ជួបពិភាក្សាគ្នាអំពីចំណងមិត្តភាព
AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae-myung) និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល (Anutin Charnvirakul) បានជួបពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងគ្យុងជូ ភាគអាគ្នេយ៍ មុនកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) រវាងថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា។
យោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ពួកគេបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ការឆ្លើយតបរួមគ្នាចំពោះឧក្រិដ្ឋកម្មឆ្លងដែនដូចជាការឆបោកតាមអ៊ីនធឺណិត និងបញ្ហាឧបទ្វីបកូរ៉េ។ លោក លី បានសង្កត់ធ្ងន់ថា ប្រទេសកូរ៉េខាងត្បូងឱ្យតម្លៃចំពោះទំនាក់ទំនងជាមួយប្រទេសថៃ។
លោក ឆានវីរៈគុល បាននិយាយថា ប្រទេសថៃបានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសកូរ៉េខាងត្បូង។
ពួកគេបានព្រមព្រៀងគ្នាលើកកម្ពស់យ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងផ្តោតលើអនាគតក្នុងវិស័យផ្សេងៗដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ បញ្ញាសិប្បនិម្មិត និងការបំលែងថាមពល៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





