អ្នកទោសអាហ្វហ្គានីស្ថានជាង ៣០០នាក់ត្រូវបានដោះលែងពីពន្ធនាគារប៉ាគីស្ថាន ហើយបានវិលត្រឡប់ទៅផ្ទះវិញ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ -- ក្រសួងជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា អ្នកទោសអាហ្វហ្គានីស្ថានសរុបចំនួន ៣០៥នាក់ត្រូវបានដោះលែងពីពន្ធនាគារប៉ាគីស្ថានក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ហើយបានវិលត្រឡប់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវិញដោយសុវត្ថិភាព។
ក្រសួងបានបញ្ជាក់ថា អ្នកទោសដែលត្រូវបានដោះលែងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារផ្សេងៗគ្នាទូទាំងប្រទេសប៉ាគីស្ថានពីបទចោទប្រកាន់ដែលមានទោសចាប់ពីមួយថ្ងៃទៅពីរខែ ដោយបានឆ្លងចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថានវិញតាមរយៈច្រកព្រំដែន Spin Boldak នៅភាគខាងត្បូងខេត្តកាន់ដាហារ។
ក្រសួងបាននិយាយថា ពេលមកដល់ ពួកគេបានទទួលជំនួយមនុស្សធម៌ភ្លាមៗ ហើយត្រូវបានដឹកជញ្ជូនទៅកាន់ខេត្តកំណើតរបស់ពួកគេសម្រាប់ការគាំទ្រការធ្វើសមាហរណកម្មឡើងវិញ។
យោងតាមទិន្នន័យពីក្រសួងការបរទេសអាហ្វហ្គានីស្ថានក្នុងខែកក្កដា ពលរដ្ឋអាហ្វហ្គានីស្ថានជាង ១០.០០០នាក់នៅតែជាប់ឃុំនៅបរទេស ភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថានដែលនៅជិតខាង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





