Vietjet និងសាកលវិទ្យាល័យ Oxford ចែករំលែកលទ្ធផលដំបូងនៃការសិក្សាពីដំណោះស្រាយអព្យាក្រឹតកាបូន សម្រាប់វិស័យអាកាសចរណ៍ ខណៈកម្ពុជា និងប្រទេសជាច្រើនទៀតកំពុងឆ្ពោះទៅការផ្លាស់ប្តូរភាពបៃតង
AKP ភ្នំពេញ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ –
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព និងការច្នៃប្រឌិត Vietjet បានប្រកាសពីលទ្ធផលដំបូងនៃការសិក្សាដើម្បីផ្តួចផ្តើមគំនិតស្រាវជ្រាវដ៏សំខាន់មួយលើដំណោះស្រាយអព្យាក្រឹតកាបូនសម្រាប់អាកាសចរណ៍ពិភពលោក ដោយបង្កើតភាពជាដៃគូជាមួយសាកលវិទ្យាល័យ Oxford។ សាកលវិទ្យាល័យដ៏ល្បីលំដាប់ពិភពលោកនេះ ក៏បានដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ Oxford Pioneer Scholarship Scheme ដែលជាកម្មវិធីអប់រំដ៏សំខាន់មួយដែលសហការបង្កើតឡើងដោយលោកស្រីបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Sovico Group និង Vietjet ដើម្បីគាំទ្រដល់ការអភិវឌ្ឍទេពកោសល្យ។ ជាមួយគ្នានេះ ប្រទេសកម្ពុជា និងប្រទេសជាច្រើនទៀតកំពុងមានការអភិវឌ្ឍឆ្ពោះទៅមុខក្នុងការផ្លាស់ប្តូរភាពបៃតង ហើយ Vietjet ក៏កំពុងបន្តវិនិយោគលើការស្រាវជ្រាវប្រកបដោយនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងគាំទ្រចក្ខុវិស័យរួមគ្នាសម្រាប់អនាគតបៃតងស្អាត និងការតភ្ជាប់ទំនាក់ទំនងកាន់តែមមាញឹក។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការជើងហោះហើរត្រង់ពីសៀមរាបទៅហាណូយ ជាមួយនឹងការតភ្ជាប់យ៉ាងទូលំទូលាយនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងការប្រកាសទាំងពីរនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាធិការវៀតណាម To Lam នៅចក្រភពអង់គ្លេស។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។

កិច្ចសហការរបស់សាកលវិទ្យាល័យ Oxford ជាមួយក្រុមហ៊ុន Vietjet តាមរយៈ Oxford Net Zero ដឹកនាំដោយសាស្ត្រាចារ្យ Myles Allen នាយកមជ្ឈមណ្ឌលផ្តោតលើ Geological Balance Fuel (GBF) ដែលជាទម្រង់ច្នៃប្រឌិតថ្មីនៃឥន្ធនៈអាកាសចរណ៍ដែលផ្តល់ដំណោះស្រាយអព្យាក្រឹតកាបូន ត្រូវបានកំណត់តាមរយៈភូមិសាស្ត្ររយៈពេលវែងនៃឧស្ម័នកាបូនិក(CO₂)។ ការរកឃើញដំបូងបង្ហាញថា GBF អាចផ្តល់នូវវិធីជាក់ស្តែងសម្រាប់វិស័យអាកាសចរណ៍ ដើម្បីសម្រេចបាននូវដំណោះស្រាយអព្យាក្រឹតកាបូននៅពាក់កណ្តាលសតវត្សរ៍។ ចំពោះអត្ថប្រយោជន៍សំខាន់នៃរបកគំហើញនេះ គឺស្ថិតនៅលើប្រសិទ្ធភាពនៃការចំណាយ និងភាពស៊ីចង្វាក់គ្នាជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ឥន្ធនៈសកលដែលមានស្រាប់ កាត់បន្ថយការរំខាន និងការចំណាយបន្ថែមចំពោះឧស្សាហកម្មថាមពល និងឥន្ធនៈបច្ចុប្បន្ន។

លោកស្រីបណ្ឌិត Nguyen Thi Phuong Thao បានមានប្រសាសន៍ថា៖ «ខ្ញុំវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនេះជាមួយសាកលវិទ្យាល័យ Oxford នៅពេលដែលយើងធ្វើការរួមគ្នាដើម្បីជំរុញការច្នៃប្រឌិតបៃតង បង្កើនចំណេះដឹង បច្ចេកវិទ្យា និងជំរុញសកម្មភាពក្តីមេត្តា។ Vietjet ប្តេជ្ញាធ្វើជាដៃគូជាមួយស្ថាប័នអន្តរជាតិ ដើម្បីកសាងអនាគតប្រកបដោយមនុស្សធម៌ វិបុលភាព និងនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។»
លោកស្រីបណ្ឌិតក៏កំពុងវិនិយោគលើការផ្តល់មូលនិធិអប់រំតាមរយៈគម្រោងអាហារូបករណ៍ Oxford Pioneer Scholarship Scheme ផងដែរ។ ជាមួយនឹងជំនួយដំបូងចំនួន ១៧.៨៣ លានផោន ដោយរួមមាន ១៣.៧ លានផោន ដែលរួមចំណែកដោយបណ្ឌិត Nguyen Thi Phuong Thao និង ៤.១៣ លានផោន សហមូលនិធិដោយសាកលវិទ្យាល័យ Oxford គម្រោងនេះមានគោលបំណងផ្តល់ឱកាសរយៈពេលវែងសម្រាប់និស្សិត និងអ្នកស្រាវជ្រាវ ដោយផ្តោតជាពិសេសលើអ្នកប្រាជ្ញវៀតណាម។
យោងតាមសាស្ត្រាចារ្យ Irene Tracey អនុប្រធានសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Oxford ស្ថាប័ននេះក៏បានអបអរសាទរសមិទ្ធផលដែលបានធ្វើរួមគ្នា និងទន្ទឹងរង់ចាំការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ការស្រាវជ្រាវ និងការបង្កើតថ្មីក្នុងភាពជាដៃគូជាមួយវៀតណាម។
សូមជម្រាបជូនថា ដោយទទួលបានការណែនាំតាមរយៈការដឹកនាំរបស់លោកស្រីបណ្ឌិត Thao ភាពជាដៃគូនេះ គឺជាការតភ្ជាប់បច្ចេកវិទ្យា ការអប់រំ និងកិច្ចសហការជាសកល ដោយកំណត់ផ្លូវទៅកាន់អព្យាក្រឹតកាបូនអាកាសចរណ៍ ខណៈពេលដែលបង្កើនសមត្ថភាពអ្នកដឹកនាំបែបវិទ្យាសាស្ត្រ និងអ្នកប្រាជ្ញជំនាន់ក្រោយរបស់ប្រទេស វៀតណាម៕
ដោយ៖ រិទ្ធី





