ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រ និងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
AKP កណ្ដាល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥--
លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រ និងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅខេត្តកណ្តាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ថា សិក្ខាកាមទាំង ៦៥រូបដែលទទួលបានវគ្គបណ្តុះបណ្តាលនេះ ដោយឆ្លងតាមការបណ្តុះបណ្តាលរយៈពេល០៣ថ្ងៃ សិក្ខាកាមទាំងអស់បានទទួលនូវចំណេះជំនាញការបណ្តុះបណ្តាលដោយផ្ទាល់ពី លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ជ.ក និងលោកគ្រូ អ្នកគ្រូ ដែលមន្ត្រីសម្របសម្រួលវិវាទនៃអ.ដ.ក។ សិក្ខាកាមទាំងអស់នឹងមានចំណេះដឹងកាន់តែងរឹងមាំ និងស៊ីជម្រៅ ទៅលើវិធីសាស្ត្រ និងនីតិវិធីនៃការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីយកទៅអនុវត្តនៅក្នុងការសម្រុះសម្រួលវិវាទនានានៅមូលដ្ឋាន តាមក្រុមការងាររៀងៗខ្លួនយកទៅអនុវត្តជាក់ស្តែងក្នុងការសម្រុះសម្រួលដោះស្រាយវិវាទបានដោយត្រឹមត្រូវ និងមានប្រសិទ្ធភាពក្នុងន័យចូលរួមកាត់បន្ថយឱ្យបានជាអតិបរមានូវវិវាទរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្តបានកោតសរសើរដល់ក្រុមការងារ និងគ្រូឧទ្ទេសនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ (អ.ដ.ក) ដែលបានរៀបចំ និងជួយបណ្តុះបណ្តាលវគ្គដ៏មានសារសំខាន់នាពេលនេះ។ លោកក៏បានសំណូមពរ សូមឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលវគ្គក្រោយៗទៀត សម្រាប់មន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ នៅខេត្តកណ្តាលរបស់យើង នាពេលខាងមុខ។

មានប្រសាសន៍ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល គឺកើតចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្តាល ក្នុងគោលដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះ សម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តកំណែទម្រង់យុត្តិធម៌ និងតុលាការ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងគោលបំណង ដើម្បីពង្រឹងវិធីសាស្រ្តផ្សេងៗ សម្រាប់ការដោះស្រាយវិវាទ នៅថ្នាក់ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង រហូតដល់ថ្នាក់ជាតិ។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការ ឬវិធីសាស្ត្រ ក្នុងការដោះស្រាយវិវាទ ដែលគូភាគីនៃវិវាទ អាចធ្វើការជ្រើសរើសការដោះស្រាយវិវាទរបស់ខ្លួន ក្រៅប្រព័ន្ធតុលាការ។ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថាក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់នឹងយល់ច្បាស់ពីនីតិវិធីនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរួមគ្នាដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាល វគ្គទី១នេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ថ្ងៃទី២៩ និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយសិក្ខាកាមជាគោលដៅមានចំនួន៦៥រូប ដែលជាក្រុមការងារដោះស្រាយវិវាទថ្នាក់ខេត្ត ដែលជាអ្នកពាក់ព័ន្ធនឹងមានតម្រូវការក្នុងការងារដោះស្រាយវិវាទដីធ្លី ដែលរដ្ឋបាលខេត្តបានបែងចែកជាក្រុមតាមបណ្តាក្រុង ស្រុក៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





