ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើបាឋកថាស្ដីពី «រដ្ឋ និង សេដ្ឋកិច្ចទីផ្សារ ការអភិវឌ្ឍសេដ្ឋកិច្ច៖ បញ្ហាប្រឈម និង កាលានុវត្តភាព» នៅសាលាភូមិន្ទរដ្ឋបាល
AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអញ្ជើញធ្វើបាឋកថាស្ដីពី «រដ្ឋ និង សេដ្ឋកិច្ចទីផ្សារ, ការអភិវឌ្ឍសេដ្ឋកិច្ច៖ បញ្ហាប្រឈម និង កាលានុវត្តភាព» ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាលសរុបប្រមាណ៩០០អង្គ/នាក់ ដែលចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។

តាមរយៈការធ្វើបាឋកថានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានចែករំលែកអំពីដំណើរវិវត្តនៃសង្គម និងសេដ្ឋកិច្ច ដែលត្រូវបានបង្កើតឡើងទៅតាមសម័យកាលនៃប្រវតិ្តសាស្រ្តមនុស្សជាតិ ដោយចាប់ផ្តើមពីការកកើតសង្គមមនុស្ស និងសកម្មភាពសេដ្ឋកិច្ច រហូតអភិវឌ្ឍបានមកជា គោលគំនិត ទស្សនៈ ទ្រឹស្តីគំរូ ទ្រឹស្តីសេដ្ឋកិច្ច និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលកំពុងបន្តវិវឌ្ឍ រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានលេចអំពីតួនាទីរដ្ឋ និងសេដ្ឋកិច្ច ប្រព័ន្ធសេដ្ឋកិច្ចសំខាន់ៗ ទំនាក់ទំនងរវាងរដ្ឋ និងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ច និង ដំណើរវិវត្តនៃប្រព័ន្ធសេដ្ឋកិច្ចនីមួយៗ។


ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសរំលេចជូនអង្គពិធីអំពីសភាពការណ៍សកល និងសង្គម-សេដ្ឋកិច្ចជាតិ នាពេលបច្ចុប្បន្ន ជាពិសេស ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ បង្កផលប៉ះពាល់មកលើខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម រំហូរការងារ និង តម្រូវការលើផលិតផលប្រើប្រាស់ ព្រមទាំងរំហូរពាណិជ្ជកម្ម ទាំងការនាំចេញ និង ការនាំចូល ជាពិសេស លើវត្ថុធាតុដើម សម្រាប់បម្រើដល់សកម្មភាពផលិតកម្មក្នុងស្រុក និងនិន្នាការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូល។ ឯកឧត្តមគូសបញ្ជាក់ថា បរិបទនេះជាបញ្ហាប្រឈមផង និង ជាកាលានុវត្តភាពផងសម្រាប់កម្ពុជា ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីរក្សាវិនិយោគិនមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មី ជាមួយនឹងការបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែមានលក្ខណៈអំណោយផល។


ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ និង កម្មសិក្សាការី ឱ្យបន្តសិក្សាស្រាវជ្រាវ បណ្ដុះទម្លាប់ស្រឡាញ់ការអាន និងបង្កើនការសិក្សាស្វែងយល់អំពីមូលដ្ឋានសេដ្ឋកិច្ច និង ការវិវត្តិថ្មីៗនៃសភាពការណ៍សេដ្ឋកិច្ចជាតិ និង អន្តរជាតិ សំដៅកសាង និងអភិវឌ្ឍសមត្ថភាព និងចំណេះជំនាញ ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តសិទ្ធិ សំដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ៕
ដោយ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





