ប្រជាពលរដ្ឋបានស្នើឱ្យអាជ្ញាធររាជធានី ខណ្ឌ ជួយពន្លឿនផ្ដល់បណ្ណកម្មសិទ្ធិ តបណ្ដាញទឹក ភ្លើង និងការងារប្រមូលសំរាមឱ្យបានលឿនទាន់ពេលវេលា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥-- ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះប្រជាពលរដ្ឋ បានស្នើឱ្យអាជ្ញាធររាជធានី ខណ្ឌ ជួយពន្លឿនផ្ដល់បណ្ណកម្មសិទ្ធិ តបណ្ដាញទឹក ភ្លើង និងការងារប្រមូលសំរាមឱ្យបានលឿនទាន់ពេលវេលា។

នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ហ៊ុន សុរិទ្ធី អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដង្កោ ក្រោមវត្តមានឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សា និងឯកឧត្ដម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោ។
ឯកឧត្ដម ហ៊ុន សុរិទ្ធី បានបញ្ជាក់ថា វេទិកាសាធារណៈនៅក្នុងខណ្ឌដង្កោនេះ ប្រជាពលរដ្ឋបានលើកជាសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន០៥នាក់ និងសំណើ និងសំណូម ពរជាលាយលក្ខណ៍អក្សរ មានចំនួន១៥ច្បាប់សរុប ២០បញ្ហាដែលមានដូចជាការស្នើសុំការពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិអចលនទ្រព្យ ស្នើសុំឱ្យមន្ត្រីជំនាញនៃមន្ទីរដែនដី ពន្យល់ពលរដ្ឋឱ្យបានយល់ពីនីតិវិធីនៃការបង់ពន្ធប្រថាប់ត្រាលើបណ្ណកម្មសិទ្ធិអចលនទ្រព្យ ស្នើសុំតបណ្តាញទឹកស្អាតចូលបុរី VIP និងបុរីសំព័រ និងការស្នើសុំឱ្យក្រុមហ៊ុនប្រមូល ដឹកជញ្ជូនសំរាម ដឹកសំរាមចេញឱ្យបានលឿន និងទៀងពេលកុំឱ្យទុកចោលយូរពេក។

ឯកឧត្ដមបានបញ្ជាក់ទៀតថា ការលើកឡើងជាសំណើ សំណូមពរ ឆ្នាំនេះមានចំនួនត្រឹមតែ២០ ច្បាប់ប៉ុណ្ណោះ មិនច្រើនដូចបណ្ដាឆ្នាំមុនៗនោះទេហើយរាល់សំណើ សំណូមពរទាំងនោះទៀតសោតក៏មិនមានពាក់ព័ន្ធភូមិ សង្កាត់មានសុវត្ថិភាព ចោរលួច ចោរប្លន់ថែមទៀត។ នេះបញ្ជាក់ឱ្យឃើញថា ទាំងអាជ្ញាធរ និងសមត្ថកិច្ចរបស់យើងពិតជាបានអនុវត្តការងារបម្រើប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។

ឯកឧត្ដម ជួប ខុន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់សំណូម ពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់លើកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋទៅលើបញ្ហាសន្តិសុខ សណ្តាប់ ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន៕
ដោយ សួស សំរិត





