ឯកឧត្តម វង្សី វិស្សុត ជំរុញកិច្ចសហប្រតិបត្តិការសកលដើម្បីពន្លឿនកំណើនបៃតង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥-- ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីឯកឧត្តម វង្សី វិស្សុត បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ និងការវិនិយោគសកលកាន់តែច្រើន ដើម្បីជំរុញកំណើនប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរបៃតង គឺជាចំណុចកណ្តាលនៃការអភិវឌ្ឍ និងការប្រកួតប្រជែងរយៈពេលវែងរបស់ប្រទេសកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ “ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព” នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ពីកត្តាជំរុញសំខាន់ៗ ចំនួនបី ដើម្បីរក្សាវឌ្ឍនភាពនៃកំណើនបៃតង៖ ការវិនិយោគលើថាមពលស្អាត ការកៀរគរហិរញ្ញវត្ថុបៃតង និងការប្រើប្រាស់នវានុវត្តន៍ និងឌីជីថលូបនីយកម្ម។
ឯកឧត្តមបានមានប្រសាសន៍ថា៖ “គ្មានប្រទេសណាមួយអាចសម្រេចបាននូវនិរន្តរភាពតែម្នាក់ឯងបានទេ។ យើងត្រូវការភាពជាដៃគូ ក្នុងនោះរួមមាន ភាគីរដ្ឋាភិបាល អាជីវកម្ម ស្ថាប័នសិក្សា និងសហគមន៍។ កិច្ចប្រជុំកំពូលនេះ ជាការអំពាវនាវឱ្យមានសកម្មភាពរួមគ្នាទាំងសកលលោក និងតំបន់។ កំណើនបៃតងមិនមែនជាល្បែងផលបូកស្មើសូន្យនោះទេ វាគឺជាមាគ៌ាឆ្ពោះទៅរកវិបុលភាពរួម សន្តិភាព និងភាពធន់រយៈពេលវែង”។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កំណើនបៃតង ស្ថិតនៅចំកណ្តាលនៃយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការគ្នានៅក្នុងអាស៊ាន ទូទាំងអាស៊ីប៉ាស៊ីហ្វិក និងទូទាំងពិភពលោក ដើម្បីពន្លឿនការផ្លាស់ប្តូរបៃតង។
ឯកឧត្តមបានមានប្រសាសន៍ថា៖ “តាមរយៈកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងការប្តេជ្ញាចិត្តរួមគ្នា យើងអាចផ្លាស់ប្តូរបញ្ហាប្រឈមបរិស្ថាននៅថ្ងៃនេះ ទៅជាឱកាសសេដ្ឋកិច្ចថ្មីៗ នៅថ្ងៃអនាគត”។
លោក Tan Sri Michael Yeoh នាយកប្រតិបត្តិវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក KSI បានលើកឡើងថា ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ការផ្តោតទៅលើនិរន្តរភាព និងសកម្មភាពអាកាសធាតុ គឺកាន់តែចាំបាច់ និងបន្ទាន់ជាងពេលណាទាំងអស់។

លោកបានគូសបញ្ជាក់ថា អាជីវកម្មសម្រាប់សកម្មភាពអាកាសធាតុ និងភាពធន់នឹងអាកាសធាតុ គឺជារឿងបន្ទាន់ និងចាំបាច់បំផុត ដោយសង្កត់ធ្ងន់ថា អាជីវកម្មត្រូវតែត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុនាពេលអនាគត។
លោកបានមានប្រសាសន៍ថា “យើងសង្ឈឹមថា កិច្ចប្រជុំកំពូលនៅថ្ងៃនេះ អាចពិភាក្សាបញ្ហាប្រឈម និងឱកាសផ្សេងៗ។ យើងត្រូវបង្កើនភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីផ្តល់ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ព្រោះគោលដៅទាំងនោះមានចំណុចសំខាន់បីគឺ មនុស្ស ភពផែនដី វិបុលភាព និងធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ”។
គួរបញ្ជាក់ថា កម្ពុជាបានដាក់គោលដៅក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញដែលភាគច្រើនមានប្រភពមកពីវារីអគ្គិសនីឱ្យបាន ៧០ភាគរយ ត្រឹមឆ្នាំ២០៣០៕
ដោយ៖ ស្រីពេជ្រ





