ឯកឧត្តម អ៊ុន ចាន់ដា៖ បវេសនកាលឆ្នាំសិក្សាថ្មីជាឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព
AKP កំពង់ចាម ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥-- នៅអនុវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២៥-២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងក្រុងកំពង់ចាមយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសបើកការបើកបវេសនកាលឆ្នាំសិក្សាថ្មី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ថ្ងៃនេះជាការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើប នឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ និងក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀតក្នុងឆ្នាំសិក្សា២០២៥- ២០២៦នេះ។ បវេសនកាលឆ្នាំសិក្សាថ្មីនេះក៏ជាឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពក្នុងគោលដៅឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ក្នុងការដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈវិធានការចំនួន៤៖ ទី១. ការពង្រឹងអភិបាលកិច្ច ទី២. ការពិនិត្យកែសម្រួល និងរៀបចំកម្ម វិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. ការយកចិត្តទុកលើសុខភាពរបស់សិស្សតាមរយៈសារលិខិតសម្តេចមហាបវរធិបតី កុមារ និងការត្រួត ពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤. ការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ» ក្នុងគោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អមាំមួន។


ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សូមបន្តចូលរួមបានសកម្មពេញទំហឹងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បី ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅ អប់រំ ជាពិសេសការសម្រេចបានសាលារៀនគំរូ ក្នុងនោះឪពុក ម្តាយ និងឤណា ព្យាបាលរបស់សិស្ស សូមចូលរួមចំណែកឱ្យសកម្មខ្លាំងក្លា ដល់ការជួយអប់រំកូនចៅរបស់ខ្លួន ហើយក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើខ្លួនឲ្យក្លាយជាកូនល្អ ជាសិស្សល្អ មិត្តល្អនិងបុគ្គលល្អ។ ត្រូវចៀសវាងការប្រព្រឹត្តអំពើគាប់បីទាំងឡាយណាដែលជាកង្វល់ចំពោះមុខក្រុមគ្រួសារនិងសង្គមជាតិពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ គោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។ មានតែការសិក្សារៀនសូត្រទេ ទើបកំណត់ជោគវាសនារបស់ខ្លួនហើយមានតែការអប់រំយកចំណេះដឹងប៉ុណ្ណោះទេដែលអាចបើកផ្លូវឱ្យក្មួយៗទាំងអស់ទទួលបានអនាគតរុងរឿង៕
ដោយ ឆាយ ម៉ុត





