រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងជួបពិភាក្សាលើកដំបូងជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនថ្មីនៅឯកិច្ចប្រជុំ APEC
AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ -- យោងតាមក្រសួងការបរទេសទីក្រុងសេអ៊ូលបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស ចូ យ៊ុន (Cho Hyun) បានជួបជាមួយសមភាគីជប៉ុនថ្មីរបស់លោកកាលពីថ្ងៃពុធ សម្រាប់កិច្ចពិភាក្សានៅខាងក្រៅកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)។
នេះគឺជាការពិភាក្សាលើកដំបូងរវាងលោក ចូ និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូស៊ីមីតស៊ូ ម៉ូតេជី (Toshimitsu Motegi) ចាប់តាំងពីការបើកគណៈរដ្ឋមន្ត្រីជប៉ុនថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី សាណេ តាកាអ៊ីឈី (Sanae Takaichi) ដែលត្រូវបានជ្រើសតាំងកាលពីសប្តាហ៍មុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានឱ្យដឹងថា រដ្ឋមន្ត្រីទាំងពីររូបបានចែករំលែកទស្សនៈថា សារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីកំពុងកើនឡើងក្នុងចំណោមស្ថានភាពអន្តរជាតិដ៏ធ្ងន់ធ្ងរ ហើយបានព្រមព្រៀងគ្នាបង្កើនការទំនាក់ទំនងនៅគ្រប់កម្រិត ដើម្បីកែលម្អ «គុណភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង»។
ក្រសួងបានបន្ថែមថា «ពួកគេក៏បានព្រមព្រៀងគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី»។ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាទាក់ទងនឹងឧបទ្វីបកូរ៉េ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក។
លោក ចូ បានពន្យល់អំពីគោលនយោបាយរបស់រដ្ឋាភិបាល លោក លីជេម្យ៉ុង (Lee Jae Myung) ទៅកាន់លោក ម៉ូតេជី ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា និងស្តារទំនុកចិត្តអន្តរកូរ៉េឡើងវិញ ដើម្បីរួមរស់ដោយសន្តិភាព។ នេះបើយោងតាមក្រសួង៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





