រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងជួបជាមួយលោក ពូទីន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) លោកស្រី ចូ សុនហ៊ុយ (Choe Son Hui) បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន (Vladimir Putin) នៅទីក្រុងមូស្គូ។
របាយការណ៍នេះបាននិយាយថា ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អលើកិច្ចការជាច្រើន ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ី ឱ្យកាន់តែរីកចម្រើននាពេលអនាគត។
ទីភ្នាក់ងារ KCNA បាននិយាយនៅក្នុងរបាយការណ៍មួយផ្សេងទៀតកាលពីថ្ងៃអង្គារថា លោកស្រី ចូ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្គេយ ឡាវរ៉ូវ (Sergei Lavrov)។
របាយការណ៍នេះបាននិយាយថា ប្រទេសរុស្ស៊ីបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង និងវិធានការរបស់ប្រទេសកូរ៉េខាងជើង ដើម្បីការពារជំហរបច្ចុប្បន្នរបស់រដ្ឋ ផលប្រយោជន៍សន្តិសុខនិងសិទ្ធិអធិបតេយ្យភាពយ៉ាងរឹងមាំ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





