ជនជាតិប៉ាឡេស្ទីន ៣នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅតំបន់វេសប៊ែង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ -- យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៣នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃអង្គារ នៅភាគខាងលិចនៃទីក្រុងចេនីន ភាគខាងជើងនៃតំបន់វេសប៊ែង។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា អាជ្ញាធរកិច្ចការស៊ីវិលទូទៅបានជូនដំណឹងដល់ក្រសួងអំពីការសម្លាប់បុរស ៣នាក់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅក្នុងភូមិកាហ្វ័រកូដ ភាគខាងលិចនៃទីក្រុងចេនីន។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA បានរាយការណ៍ថាកងកម្លាំងអ៊ីស្រាអែលបានវាយប្រហារទៅលើភូមិជាមួយនឹងការពង្រឹងយោធា ឡោមព័ទ្ធទីតាំងមួយ និងបាញ់គ្រាប់ពិត។
ក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា បុរស ២នាក់ក្នុងចំណោមបុរសដែលត្រូវបានសម្លាប់គឺជាសមាជិករបស់ខ្លួន ហើយបុរសទាំង ៣នាក់ត្រូវបានសម្លាប់បន្ទាប់ពីការប៉ះទង្គិចគ្នាដោយអាវុធជាមួយកងកម្លាំងអ៊ីស្រាអែលនៅក្នុងភូមិកាហ្វ័រកូដ។
កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ក្នុងអំឡុងពេលសកម្មភាពប្រតិបត្តិការនៅក្នុងភូមិកាហ្វ័រកូដ កងកម្លាំងអ៊ីស្រាអែលបានធ្វើ «ប្រតិបត្តិការប្រឆាំងភេរវកម្ម»។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ក្នុងអំឡុងពេលនៃសកម្មភាពនេះ កងកម្លាំងបានកំណត់អត្តសញ្ញាណក្រុមភេរវករនៅក្នុងរូងភ្នំមួយ ហើយបានបាញ់ទៅលើពួកគេ។ ភេរវករ ២នាក់ត្រូវបានកម្ចាត់ចោល ហើយម្នាក់ទៀតរងរបួស។ បន្ទាប់ពីមួយរយៈខ្លី កងទ័ពអាកាសអ៊ីស្រាអែល (IAF) បានកម្ចាត់ភេរវករបន្ថែមម្នាក់ទៀត»។
ចាប់តាំងពីដើមឆ្នាំ២០២៥ កងទ័ពអ៊ីស្រាអែលបានធ្វើការវាយឆ្មក់ម្តងហើយម្តងទៀតនៅក្នុងទីក្រុងភាគខាងជើងនៃតំបន់វេសប៊ែង រួមទាំងទីក្រុងចេនីន ទីក្រុងណាប់លូស និងទីក្រុងទុលកាម ដោយអះអាងថាកំពុងដេញតាមពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី





