រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក យឺមេក កូសឺបាយ៉េវ (Yermek Kosherbayev) នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) បាននិយាយថាប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសកាហ្សាក់ស្ថាន ដើម្បីអនុវត្តន៍តាមការឯកភាពគ្នាដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់ និងលើកកម្ពស់ទំនាក់ទំនងចិន-កាហ្សាក់ស្ថាន ជាបន្តបន្ទាប់។
លោក វ៉ាង បាននិយាយថា ប្រទេសចិនពេញចិត្តចំពោះប្រទេសកាហ្សាក់ស្ថានបានដើរតួនាទីក្រោមក្របខ័ណ្ឌនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងយន្តការចិន-អាស៊ីកណ្តាល ហើយមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសកាហ្សាក់ស្ថាន ដើម្បីបង្កើនប្រសិទ្ធភាព និងពង្រឹងវេទិកាទាំងនេះជាបន្តបន្ទាប់ និងដើរតួនាទីកាន់តែធំក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។
ចំពោះលោក កូសឺបាយ៉េវ បានអបអរសាទរខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងសម័យប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការកណ្តាលបក្ស CPC លើកទី២០ ដោយជោគជ័យ។
លោកបានថ្លែងអំណរគុណដល់ប្រទេសចិនចំពោះការគាំទ្រដល់ប្រទេសកាហ្សាក់ស្ថានក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយលោកបានកត់សម្គាល់ថា ប្រទេសកាហ្សាក់ស្ថាននឹងបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងគាំទ្រប្រទេសចិនក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន ព្រមទាំងមានឆន្ទៈក្នុងការរក្សាការផ្លាស់ប្តូរមិត្តភាពជាមួយប្រទេសចិនគ្រប់កម្រិត និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





