កងពលតូចថ្មើរជើងលេខ៥១អបអរសាទរយ៉ាងមហោឡារិកលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រគូឡាឡាំពួ
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥-- ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពលតូចថ្មើរជើងលេខ៥១ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ចូលរួមអបអរសាទរយ៉ាងមហោឡារិកចំពោះការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កងពលតូចថ្មើរជើងលេខ៥១ បានសម្តែងការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អានុទីន ចាន់វីរគុល នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលបានសម្រេចនូវកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះ។ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ចំពោះតួនាទីជាអ្នកផ្តួចផ្តើម និងសម្របសម្រួលដ៏សំខាន់នៃដំណើរការចរចារកសន្តិភាព។ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ដែលបានចូលរួមជាសាក្សីដ៏សំខាន់។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានមានប្រសាសន៍សង្កត់ធ្ងន់ថា “យើងខ្ញុំទាំងអស់គ្នា សូមចូលរួមអបអរសាទរយ៉ាងមហោឡារិក ចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម អានុទីន ចាន់វីរគុល ដែលបានសម្រេចនូវកិច្ចព្រមព្រៀងដ៏មានតម្លៃនេះ។ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ដូណាល់ ត្រាំ ចំពោះតួនាទីជាអ្នកសម្របសម្រួលដ៏សំខាន់។ កិច្ចព្រមព្រៀងនេះ គឺជាជ័យជម្នះនៃកិច្ចការទូត និងការប្តេជ្ញាចិត្តដើម្បីសន្តិភាពយូរអង្វែង”។

កងពលតូចថ្មើរជើងលេខ៥១ ចាត់ទុកកិច្ចព្រមព្រៀងនេះថាជា ជំហានវិជ្ជមានមួយដ៏សំខាន់ ក្នុងការស្តារប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃ និងប្រែក្លាយតំបន់ព្រំដែនដែលមានជម្លោះកន្លងមកទៅជាតំបន់សន្តិភាព តំបន់មិត្តភាព តំបន់សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។
ទន្ទឹមនឹងនេះ កងពលតូចថ្មើរជើងលេខ៥១ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន និង សហគមន៍អន្តរជាតិទាំងមូល ចំពោះការចូលរួមគាំទ្រក្នុងដំណើរការស្វែងរកសន្តិភាពដ៏មានតម្លៃនេះ។
ក្នុងនាមជាកងកម្លាំងការពារជាតិ កងពលតូចថ្មើរជើងលេខ៥១បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតលើសារៈសំខាន់នៃសន្តិភាព គឺជាទ្រព្យដ៏ពិសិដ្ឋ មិនអាចកាត់ថ្លៃបាន ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយយើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាការពារថែរក្សាឱ្យបានគង់វង្ស។ កម្ពុជា និងថៃ ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ត្រូវខិតខំប្រឹងប្រែងរក្សានូវ សុខសន្តិភាព ស្ថិរភាព សុខដុមរមនា និង ការអភិវឌ្ឍរួម ដោយឈរលើគោលការណ៍ ការគោរពគ្នា ការយោគយល់គ្នា និង ការជឿទុកចិត្តគ្នា។ នេះគឺជាការអនុវត្តតាមស្មារតីនៃអ្នកជិតខាងល្អ តាមរយៈការប្រកាន់ខ្ជាប់នូវ វប្បធម៌សន្ទនាការទូត និង ការគោរពច្បាប់អន្តរជាតិ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំង កងពលតូចថ្មើរជើងលេខ៥១ សូម ប្តេជ្ញាការពារឱ្យបានរឹងមាំជាអមតៈ នូវ សន្តិភាព សន្តិសុខ អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យជាតិក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ និងសម្បូររុងរឿងជានិច្ចតទៅ៕
ដោយ ឈុន សារ៉ាត





