សិក្ខាសាលាស្តីពីការប្រើវិធានវាយតម្លៃ និងគាំទ្រដំណើរការសហគមន៍កសិកម្ម
AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥-- ក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំឱ្យមានសិក្ខាសាលាស្តីពីការប្រើប្រាស់វិធានវាយតម្លៃដំណើរការសហគមន៍កសិកម្ម តម្រង់ទិសឱ្យមានលក្ខណៈជាសហគ្រាសកសិកម្ម ដែលមានភាពធន់ បរិយាបន្ន និងនិរន្តរភាព។

ថ្លែងបើកសិក្ខាសាលាដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ដោយមានការចូលរួមពីសិក្ខាកាមសរុបចំនួន៧៩នាក់ ដែលជាមន្ត្រី និងជាទីប្រឹក្សាពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងអ្នកដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុនផ្តល់សេវាកម្មកសិកម្មឈ្មោះ International Institute of Rural Reconstruction & Farmer Network and Nature ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីមូលហេតុដែលមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានរៀបចំឱ្យមានវិធានសម្រាប់ប្រទេសនានាប្រើប្រាស់ក្នុងការវាយតម្លៃដំណើរការរបស់សហគមន៍កសិកម្ម ហើយគិតគូរអំពីកិច្ចអន្តរាគមន៍សមស្របសម្រាប់ជួយធ្វើឱ្យសហគមន៍កសិកម្មកាន់តែមានដំណើរការល្អ ពោលគឺមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗរបស់សហគមន៍កសិកម្ម ដែលត្រូវវាយតម្លៃ រួមមាន ភាពខ្លាំង លទ្ធភាពរកបានប្រាក់ចំណេញ ស្ថិរភាពផ្នែកហិរញ្ញវត្ថុ ផលិតភាព លទ្ធភាពលក់ផលិតផល បរិយាបន្នភាព សមធម៌ និងនិរន្តរភាព។

ឯកឧត្តមបានណែនាំសិក្ខាកាមទាំងអស់ ដែលសុទ្ធសឹងជាតួអង្គដ៏សំខាន់នៅក្នុងវិស័យកសិកម្មឱ្យយកចិត្តទុកដាក់ចូលរួមឱ្យបានល្អ និងសកម្ម ដើម្បីឱ្យមានសមត្ថភាពកាន់តែច្រើនក្នុងការគាំទ្រសហគមន៍កសិកម្ម ដែលជាការរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសគឺរួមចំណែកដោះស្រាយបញ្ហាប្រឈមជាច្រើននៅក្នុងវិស័យនេះ ដោយបានគូសបញ្ជាក់ថា បើសហគមន៍កសិកម្មរឹងមាំ ឬមានដំណើរការល្អ យើងអាចនឹងរំពឹងបានថា ផលិតផលដែលសហគមន៍កសិកម្មផលិតបាននឹងមានភាពសមស្របនឹងតម្រូវការរបស់អ្នកទិញ ឬរបស់ទីផ្សារទាំងបរិមាណ គុណភាព និងពេលវេលាផ្គត់ផ្គង់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងកសិកម្ម)





