អង្គការ WWF បណ្ដុះបណ្ដាលអំពីការប្រមូលផលកាហ្វេប្រកបដោយចីរភាព នៅឃុំដាក់ដាំ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥-- ប្រភពពីអង្គការ WWF បានឱ្យដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ថា កាលពីថ្មីៗនេះ គម្រោងការប្រើប្រាស់ និង ផលិតកម្មប្រកបដោយនិរន្តរភាព របស់អង្គការ WWF-កម្ពុជា បានសហការជាមួយក្រុមហ៊ុន KOFI និងនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំការបណ្ដុះបណ្ដាលអំពីការប្រមូលផលកាហ្វេដល់កសិករនៅ ឃុំដាក់ដាំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពដដែលបន្តថា គោលបំណងនៃការបណ្ដុះបណ្ដាលនេះគឺដើម្បីបង្កើនការយល់ដឹងរបស់កសិករ នៅឃុំដាក់ដាំ អំពីបច្ចេកទេសប្រមូលផលត្រឹមត្រូវក្នុងការកំណត់គុណភាព និងទិន្នផលនៃការផលិតកាហ្វេ។ តាមរយៈការបណ្ដុះបណ្ដាលនេះ កសិករបានរៀនអំពីវិធីសាស្ត្រប្រមូលផលដែលអាចជួយកាត់បន្ថយការបាត់បង់ទិន្នផលពីការប្រមូលផល និងបង្កើនបានប្រាក់ចំណេញខ្ពស់។


ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះនឹងធ្វើឱ្យកសិករមានមូលដ្ឋានច្បាស់លាស់ និងមិនត្រឹមតែជួយបង្កើនជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រការអភិវឌ្ឍន៍ផលិតកម្មកាហ្វេប្រកបដោយចីរភាពនៅតំបន់នោះផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ WWF)





