អតីតយុទ្ធជនពិការដោយសារសង្គ្រាមនៅភូមិឈូកស្ទឹងបានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិត
AKPកំពង់ធំថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៥--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោកឃឹម សុខឃៀងអភិបាលស្រុកនិងជាប្រធានសមាគមអតីតយុទ្ឋជននិងនិវត្តន៍ជនកម្ពុជា ស្រុកប្រាសាទសំបូរកាលពីរសៀលថ្ងៃទី២៨ខែតុលាឆ្នាំ២០២៥បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីទៅប្រគល់ផ្ទះថ្មី០១ខ្នងដែលទើបសាងសង់រួចនៅលើដីកម្មសិទ្ធិ របស់អតីតយុទ្ធជនពិការដោយសារសង្គ្រាម មានដីតែមានជម្រករស់នៅមិនសមរម្យនៅភូមិឈូកស្ទឹងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោក ពៅ លីវ អាយុ ៦៨ឆ្នាំ មានឋានន្តរសក្ដិពលបាលឯក បានរៀបរាប់ថា គាត់ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩០នៅអង្គភាពវរសេនាតូចលេខ៥ យោធាខេត្តកំពង់ធំ ហើយបានត្រូវរបួសនៅក្នុងសមរភូមិអូរពោធិ៍ ខេត្តព្រះវិហារ នៅឆ្នាំ១៩៩៧បណ្តាលឱ្យស្វិតជេីងខាស្តាំ។គាត់មានភរិយាឈ្មោះ ឡុង ឃីម អាយុ ៦៣ឆ្នាំ មានកូន និងចៅចំនួន ៤នាក់ នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀត ដំបូលប្រក់ស្បូវជញ្ជាំងបាំងស័ង្កសី ដោយប្រកបមុខរបរធ្វើស្រែបន្តិចបន្តួច ព្រមទាំងមានជីវភាពលំបាកខ្វះខាតដោយសារមានជំងឺបៀបៀនប្រចាំថ្ងៃផងដែរ។

លោក ឃឹម សុខឃាង អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ឋជននិងនិវត្តន៍ជនកម្ពុជា ស្រុកប្រាសាទសំបូរបានសូមគោរពថ្លៃអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ ដែលបានផ្ដល់ផ្ទះថ្មី០១ខ្នងទៀតជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រករស់នៅមិនសមរម្យនៅស្រុកប្រាសាទសំបូរ ពេលនេះនិងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រគុណ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ មានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទុកជាចំណងដៃ តកូនតចៅរស់នៅបានសមរម្យជារៀងរហូត ។

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោក ពៅ លីវ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនិងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





