ក្រុមហ៊ុនអាកាសចរណ៍ British Airways បន្តជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែលឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ -- ក្រុមហ៊ុនអាកាសចរណ៍British Airways បានបន្តប្រតិបត្តិការនៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ជាមួយនឹងជើងហោះហើរមួយពីអាកាសយានដ្ឋាន Heathrow ក្នុងទីក្រុងឡុងដ៍ ទៅកាន់អាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុងតេលអាវីវ។
ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសបានផ្អាកផ្លូវហោះហើរជាមួយទីក្រុងតេលអាវីវនៅថ្ងៃទី១៣ ខែមិថុនា បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមរយៈពេល១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍នឹងបើកដំណើរការសេវាកម្មហោះហើរទៅមកប្រចាំថ្ងៃរវាងទីក្រុងឡុងដ៍ និងទីក្រុងតេលអាវីវ។
ក្រោយមកកាលពីថ្ងៃចន្ទ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់Eurowings ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Lufthansa ក៏បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅអ៊ីស្រាអែលឡើងវិញជាមួយនឹងជើងហោះហើរពីទីក្រុងហាមប៊ឺហ្គ ទៅកាន់ទីក្រុងតេលអាវីវ។ លើសពីនេះជើងហោះហើរឌូសសែលដូហ្វ-តេលអាវីវ របស់ក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានគេគ្រោងនឹងបន្តនៅថ្ងៃអង្គារនេះ។
កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនអាកាសចរណ៍ Iberia Express របស់ប្រទេសអេស្ប៉ាញបានបន្តជើងហោះហើរពីទីក្រុងម៉ាទ្រីដ ទៅកាន់ទីក្រុងតេលអាវីវ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ Scandinavian Airlines បានប្រារព្ធការវិលត្រឡប់របស់ខ្លួនទៅកាន់ប្រទេសអ៊ីស្រាអែលវិញបន្ទាប់ពីជិតមួយទសវត្សរ៍ ដំបូងឡើយមានជើងហោះហើរ ២ជើងក្នុងមួយសប្តាហ៍ដែលតភ្ជាប់ទីក្រុងកូពេនហាហ្គេន និងទីក្រុងតេលអាវីវ។
កាលពីថ្ងៃអាទិត្យនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បាននិយាយថា ខ្លួននឹងបន្តជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែលឡើងវិញ បន្ទាប់ពីពួកគេបានផ្អាកនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ចំពេលមានការផ្ទុះឡើងនៃជម្លោះពហុមុខរបស់អ៊ីស្រាអែលនៅក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





