លោក ពូទីន ប្រាប់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងថាទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍តាមផែនការ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ -- យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង កំពុង «អភិវឌ្ឍន៍តាមផែនការ»ក្នុងអំឡុងពេលជួបជាមួយមន្ត្រីការទូតកំពូលកូរ៉េខាងជើង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RIA Novosti របស់ប្រទេសរុស្ស៊ី បានឱ្យដឹងថា លោក ពូទីន បានធ្វើការកត់សម្គាល់នេះនៅពេលដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son-hui) ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ខណៈដែលលោកបានរំលឹកឡើងវិញនូវកិច្ចប្រជុំថ្មីៗរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) រួមទាំងកិច្ចពិភាក្សាចុងក្រោយរបស់ពួកគេនៅទីក្រុងប៉េកាំង។
លោក ពូទីន ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយថា លោកនិងលោក គីម បានពិភាក្សា «យ៉ាងលម្អិតអំពីទំនាក់ទំនង និងទស្សនវិស័យអភិវឌ្ឍន៍របស់យើង» ហើយលោកបាននិយាយថា «អ្វីៗគ្រប់យ៉ាងកំពុងដំណើរការទៅតាមផែនការ និងតាមរបៀបដ៏ល្អបំផុត»។
លោកស្រី ចូ បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោកស្រីទៅកាន់ទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចចំនួន ២ប្រទេសរបស់លោកស្រី ដែលរួមមានប្រទេសបេឡារុស្ស ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងអ្នកនាំពាក្យរបស់កូរ៉េខាងជើង ដែលបានរាយការណ៍ពីមុន។
មុនពេលជួបជាមួយលោក ពូទីន លោកស្រី ចូ បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីរបស់លោកស្រីគឺលោក សើហ្គេយ ឡាវរ៉ូវ (Sergey Lavrov)។
ដំណើរទស្សនកិច្ចចុងក្រោយរបស់លោកស្រី ចូ ទៅកាន់ប្រទេសរុស្ស៊ីគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីក្នុងរយៈពេលប្រហែលមួយឆ្នាំ។ ដំណើរទស្សនកិច្ចចុងក្រោយរបស់លោកស្រីបានទៅទស្សនាទីក្រុងមូស្គូក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ និងបានចូលជួបសម្តែងការគួរសមជាមួយលោក ពូទីន ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





